(ភ្នំពេញ)៖ តារាសម្ដែងមានឈ្មោះល្បី ក្រោមការតស៊ូយ៉ាងស្វិតស្វាញ លះបង់ទាំងការសិក្សា និងចាកចេញពីស្រុកកំណើត ដើម្បីបុព្វហេតុស្រឡាញ់សិល្បៈ កញ្ញា ពៅ លីដា បានសម្ដែងអារម្មណ៍ក្ដុលក្ដួល អួលដើមក ស្រក់ទឹកភ្នែក ក្នុងកិច្ចសម្ភាសន៍ផ្សាយផ្ទាល់ Facebook Page សម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងអ្នកនាង ចន ច័ន្ទលក្ខិណា ពេលរំឭកឡើងវិញ នូវប្រវត្តិដ៏ជូរចត់ គ្រាដែលនាងចូលប្រឡូក ក្នុងសិល្បៈដំបូង។
ថ្លែងក្នុងកិច្ចសម្ភាសន៍ផ្សាយផ្ទាល់ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ តារាសម្ដែងជំនះបាននូវឧបសគ្គរាប់ម៉ឺនជំពូក កញ្ញា ពៅ លីដា បានរៀបរាប់ពីការតស៊ូពេលចូលសិល្បៈដំបូងថា នាង និងម្ដាយបានសម្រេចចាកចេញ ពីស្រុកកំណើតនៃខេត្តកំពង់ចាម បោះបង់ការសិក្សា ដើម្បីស្វែងរកទីសុំចុះចត រកការងារធ្វើនៅភ្នំពេញ ទាំងពុំមានគោលដៅច្បាស់លាស់។ ពេលមកដល់ភ្នំពេញលើកដំបូង នាងមិនបានរំពឹងថា និងមានវាសនាបានក្លាយខ្លួនជាតារាល្បី នោះឡើយ ដោយហេតុថា ម្ដាយក៏ឈឺ ឯរូបនាងក៏មិនទាន់មានការងារធ្វើ រកកម្រៃបាន។
ប៉ុន្តែដោយមានការណែនាំ បង្ហាញផ្លូវពីអ្នកធ្លាប់ស្គាល់ ពៅ លីដា ក៏បានដាក់ពាក្យប្រឡងកញ្ញាឯក ដែលបានរៀបចំឡើង ដោយស្ថានីយទូរទស្សន៍មួយ ទាំងមិនបានយល់ដឹងច្បាស់ថា សិល្បៈគឺជាអ្វី។ ជាភ័ព្វសំណាង ដោយសារតែរូបសម្ផស្សស្អាតបាត នាងបានជាប់លេខជាបន្តបន្ទាប់ និងទទួលបានការណែនាំឲ្យចូលសម្ដែង ជាលើកដំបូង។ តែទោះបីជា ពៅ លីដា ទទួលបានលទ្ធផលល្អក្ដី បើងាកមើលកម្រិតជីវភាពរបស់នាង កាលពីគ្រានោះវិញ គឺកំពុងតែត្រដាបត្រដួសខ្លាំងមែនទែន ហើយក៏រងការឈឺចាប់បំផុត ពេលដែលម្ដាយរបស់នាងឈឺ ហើយត្រូវបានម្ចាស់ផ្ទះជួល ដេញចេញពីផ្ទះ ព្រោះគ្មានលុយបង់ឲ្យគេ បង្ខំឲ្យនាងទ័លច្រក ត្រូវទៅសុំគេដេកលើស៊ីក្លូ។
ចង់ដឹងថា តើប្រវត្តិតស៊ូជំនះគ្រប់បញ្ហារបស់តារាសម្ដែង ពៅ លីដា ទម្រាំមានថ្ងៃនេះ តើត្រូវហែលឆ្លងកាត់ភ្នំឧបសគ្គអ្វីខ្លះ សូមទស្សនាកិច្ចសម្ភាសន៍ទាំងស្រុង ដូចខាងក្រោមនេះ៖