(ភ្នំពេញ)៖ ក្បាលម៉ាស៊ីនគណបក្សសង្រ្គោះជាតិ ដឹកនាំដោយ លោក សម រង្ស៊ី នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំនិយាយពី ស្ថានការណ៍នយោបាយ ក៏ដូចជាគណបក្សរបស់ខ្លួននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន តែកិច្ចប្រជុំមិនមានវត្តមានលោក កឹម សុខា អនុប្រធានបក្ស ដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការបក្សនោះឡើយ។
អ្នកវិភាគមួយចំនួនបានលើកឡើងជាសំណួរថា «តើការចេញទៅពិភាក្សារឿងសំខាន់ៗបែបនេះ ជាមួយលោក សម រង្ស៊ី អាចមានចេតនាអ្វីមួយលាក់បាំងលោក កឹម សុខា ដែលកំពុងសំងំខ្លួន នៅក្នុងទីស្នាក់ការគណបក្ស ?»។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នាពេលបច្ចុប្បន្នកំពុងតែប្រឈមស្ថានការណ៍អាក្រក់ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ការស្វែងរក ប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាឆ្នាំ២០១៧យ៉ាងធ្ងន់ធ្ងរ ដោយសារតែមេបក្សទាំងពីរ គឺលោក សម រង្ស៊ី និង លោក កឹម សុខា សុទ្ធតែប្រឈមមុខ និងច្បាប់ម្នាក់រត់ចោលស្រុក ម្នាក់សម្ងំលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ដោយមិនអាចចេញធ្វើសកម្មភាពស្វែងរក សន្លឹកឆ្នោតពីអ្នកគាំទ្រនៅតាមបណ្តាខេត្តបាននោះឡើយ៕