(សិង្ហបុរី)៖ យន្តហោះខ្នាតយក្សរបស់អាកាសចរណ៍សិង្ហបុរី SIA ដែលមានគោលដៅឆ្ពោះទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីនោះ ត្រូវបានបញ្ជាឲ្យហោះត្រឡប់មកវិញជាបន្ទាន់ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅ ព្រលានយន្តហោះនោះ បានបណ្តាលឲ្យមនុស្ស ៣៦នាក់ស្លាប់ និង ១៤៧នាក់រងរបួស។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១៦។
យន្តហោះខាងលើនេះមានជើងហោះហើរលេខ SG392 បានចាកចេញពីព្រលានយន្តហោះអន្តរជាតិ Changi កាលពីវេលាម៉ោង ២៖០១នាទីទៀបភ្លឺថ្ងៃពុធ ទី២៩ ខែមិថុនា ហើយគ្រោងទៅដល់ទីក្រុង អ៊ីស្តង់ប៊ុល កាលពីវេលា ម៉ោង ៧៖៤២នាទីព្រឹកថ្ងៃដដែល។
គួរបញ្ជាក់ថាយន្តហោះខ្នាតយក្សនៅលើសកលលោកនេះជាប្រភេទ Boeing 777-200 ដឹកអ្នកដំណើរ ២០១នាក់ និង អ្នកបម្រើការងារនៅលើនោះ ១៤នាក់ បានមកដល់ព្រលានយន្តហោះក្នុងស្រុកវិញ កាលពីវេលាម៉ោង ១០៖៥០នាទីព្រឹកថ្ងៃពុធនេះ ម៉ោងនៅទីក្រុងសិង្ហបុរី។ ការហោះហើរ នឹងអាចធ្វើឡើងម្តងទៀតនៅវេលាម៉ោង ១២៖៣០នាទីរសៀល និងគ្រោងទៅដល់អ៊ីស្តង់ប៊ុល នៅវេលាម៉ោង ៦៖០០នាទីល្ងាច ម៉ោងនៅអ៊ីស្តង់ប៊ុល៕