(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក យូជី គូម៉ាម៉ារូ កុំឲ្យព្រួយបារម្ភ សំណុំរឿងផ្លូវច្បាប់របស់មេបក្សប្រឆាំង នៅកម្ពុជា របស់លោក សម រង្ស៊ី និង លោក កឹម សុខា មិនប៉ះពាល់ដល់ដំណើរការចុះ ឈ្មោះបោះឆ្នោតនោះឡើយ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ៦៥ឆ្នាំថ្ងៃកំណើតរដ្ឋបាលគយ និងរដ្ឋាករកម្ពុជានាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរការចុះឈ្មោះបោះឆ្នោតនៅតែបន្តទៅមុខ ដើម្បីធានាបានដល់ការបោះឆ្នោត បើទោះបីគ្មានជំនួយក៏ដោយនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «សុំអភ័យទោសឯកអគ្គរដ្ឋទូតជប៉ុន កុំទៅបារម្ភអារឿងចុះនោះ ចុះឈ្មោះបោះឆ្នោតនៅតែចុះ ប៉ុន្តែក៏សុំបញ្ជាក់ដែរ បើអស់លោកមិនចុះ យើងខ្ញុំក៏ចុះ ដើម្បីធានាការបោះឆ្នោត។ កម្ពុជា ហ៊ានស៊ី ហ៊ានសង»។ (សូមស្តាប់ការលើកឡើងរបស់សម្តេចតេជោ)៖
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ស្នើឲ្យប្រទេសផ្តល់ជំនួយរៀបចំបញ្ជីចុះឈ្មោះបោះឆ្នោត កុំយកបញ្ហានេះគំរាមកម្ពុជា ដើម្បីជាថ្នូរការអនុវត្ត ច្បាប់លើសំណុំរឿងរបស់មេបក្សប្រឆាំង នៅកម្ពុជា។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះ «សុំប្រទេស ដែលផ្តល់ជំនួយលើការចុះឈ្មោះបោះឆ្នោត កុំគំរាមថា រឿងនេះមិនអាចចុះឈ្មោះបាន វាមិនដែលម៉ែអាណា បង្កើតរឿងខ្លួនឯង ទៅរកស្រីញី ទៅរកស្អីអីណាបង្កើតរឿងខ្លួនឯង អាខ្លះសូកសាក្សី រឿងមនុស្សប៉ុន្មាននាក់ ទៅរារាំងការចុះឈ្មោះបោះឆ្នោត ដែលប្រជាជនមាន សិទ្ធិបោះឆ្នោតនោះទេ។ សូមកុំយកអាហ្នឹងធ្វើហេតុផល មិនជួយទេហី និយាយឲ្យច្បាស់ជាមួយគ្នា អ៊ីចឹងហ្មង ហើយបោះទៀត នៅតែបោះហ្នឹង យើងបញ្ចេញថវិកាបោះ ហើយកុំប្រើប្រាស់ជំនួយ ដើម្បីធ្វើការកៀបសង្កត់កម្ពុជា»។
សូមបញ្ជាក់ថា ប្រទេសជប៉ុន និងសហគមន៍អឺរ៉ុប គឺជាម្ចាស់ជំនួយធំជាងគេ ដែលបានប្រកាសផ្តល់ជំនួយទាំងបញ្ហាបច្ចេកទេស និងថវិកា ជួយដល់ការធ្វើកំណែ ទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា រួមមានទាំងការរៀបចំបញ្ជីចុះឈ្មោះបោះឆ្នោតឡើងវិញផងដែរ៕