(ម៉ាកសី)៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវប្រជែងទល់នឹងក្រុមប៉ូឡូញ នៅថ្ងៃបើកឆាកក្នុងវគ្គចាញ់ធ្លាក់នៃ Euro 2016 នៅប្រទេសបារាំងមុនគេ ដើម្បីប្រជែងកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត ក្នុងទី ក្រុង Marseille ចាប់ផ្តើមម៉ោង ២រំលងអាធ្រាត្រយប់ថ្ងៃទី៣០ មិថុនា ឈានចូលថ្ងៃទី០១ កក្កដាតែ១ប្រកួតប៉ុណ្ណោះ។
៣ប្រកួតបន្តបន្ទាប់គឺ វ៉េល ប៉ះប៊ែលហ្ស៊ិក ថ្ងៃទី០២ កក្កដា, អាល្លឺម៉ង់ ប៉ះអ៊ីតាលី ថ្ងៃទី០៣ កក្កដា និងម្ចាស់ផ្ទះបារាំង ប៉ះ អ៊ីស្លង់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ក្នុងវគ្គ៨ក្រុមចុងក្រោយដូចៗគ្នា។
សារព័ត៌មាន Sky Sports បានឲ្យដឹងថា នេះជាគូប្រកួតលើកទី៤៥ ក្នុង Euro 2016 លើកទី១៥នេះ ដែលនឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន Stade Velodrome ក្នុងនាមជាក្រុមដែលបានទម្លាក់គូប្រជែងស្វីស និងក្រូអាត ដោយលំបាកដូចគ្នានៃវគ្គ១៦ក្រុមកាលពីចុងសប្តាហ៍មុន ដោយប៉ូឡូញ បានទម្លាក់ស្វីស ៥-៤ ដោយបាល់ប៉េណាល់ទី ក្រោយប្រកួត ពេញម៉ោង ៩០នាទីស្មើលទ្ធផល ១-១ និងព័រទុយហ្គាល់វិញ បានទម្លាក់ក្រូអាត ១-០ ក្នុងនាទីបន្ថែម ១១៧។
ប្រវត្តិជួបគ្នា ៧ប្រកួតចុងក្រោយ ព័រទុយហ្គាល់ ធ្លាប់លេងឈ្នះប៉ូឡូញ ៣ដងដោយលទ្ធផលបច្ចេកទេស ៤-០ ១-០ និង ២-១ ក្រៅពីស្មើ២ដង ០-០ និង ២-២ និងចាញ់២ដងដែរក្នុងលទ្ធផល ២-១ និង ១-០ ស្របពេលដែលកីឡាករលំដាប់ លេខ១ប្រចាំក្រុម Cristiano Ronaldo ទើបតែបំប៉ោងសំណាញ់ទី បាន២គ្រាប់នៅឡើយទេ ពេលប្រកួតស្មើជាមួយនឹង ហុងគ្រី ៣-៣ ក្នុងវគ្គសន្សំពិន្ទុចុងក្រោយក្នុងពូល F។
នេះជាលើកទី១ សម្រាប់ប៉ូឡូញដែលបានវិលត្រឡប់មកកាន់វគ្គ ៨ក្រុមចុងក្រោយជាថ្មីម្តងទៀត ក្នុងនាមជាក្រុមមិនទាន់ឈ្នះពានប្រចាំទ្វីបអឺរ៉ុប UEFA Euro ដែលមានរយៈពេល៤ឆ្នាំម្តងនេះ គិតចាប់តាំងពីឆ្នាំ១៩៨២មក ដែលបាន ហាលអាវក្នុងវគ្គពាក់កណ្តាលកាលនោះ ដោយមានកីឡាករសំខាន់ Robert Lewandowski ដែលកំពុងលេងឲ្យក្លឹប ជើងឯក Bayern Munich របស់អាល្លឺម៉ង់ក្នុងក្របខណ្ឌកំពូល Bundesliga។
ងាកមកមើលព័រទុយហ្គាល់វិញ នេះជាលើកទី៦ហើយ ដែលបានឡើងមកដល់វគ្គ៨ក្រុម ក្នុងការបង្ហាញខ្លួនក្នុង Euro បាន៧ដង ហើយក៏ពុំមានប្រវត្តិធ្លាក់ ក្នុងវគ្គចែកពូលម្តងណាទេ តែអ្វីដែលឈឺចាប់បំផុតនោះ ពេលចាញ់ជម្រើសជាតិក្រិក ១-០ នៅវគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីរបស់ខ្លួនកាលពី UEFA Euro 2004។ ក្នុងការបង្ហាញខ្លួន៧ដងក្នុងវគ្គចាញ់ធ្លាក់ នោះដែរ ព័រទុយហ្គាល់ ធ្លាប់ទាត់បាល់ប៉េណាល់ទី៣ប្រកួត ក្នុងនោះធ្លាប់ឈ្នះ២ដង និងចាញ់ម្តង៕