(ភ្នំពេញ)៖ អង្គការមូលនិធិអភិវឌ្ឍន៍ មុស្លិមកម្ពុជា បានរៀបចំពិធីប្រគល់នូវគីតាប់ សៀវភៅ គម្ពីរអាល់គួរអាន ជាលក្ខណៈទ្រង់ទ្រាយធំ ជាលើកទី៤ ដែលបានផ្ញើពីប្រទេសអារ៉ាប៊ីសាអូឌីត មកកម្ពុជា តាមកប៉ាល់ ចំនួន២២តោន ស្មើនឹង៤១៥កេស ដែលរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតិឲ្យនាំចូលដោយ ពន្ឋអាករជាបន្ទុករបស់រដ្ឋ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ ពិធីនេះមានអញ្ជើញចូលរួមពីម្ចាស់បញ្ញើ ដែលជានិស្សិតកំពុងបន្តការសិក្សា និង បានបញ្ចប់នៅសាកលវិទ្យាល័យនានា នៅអារ៉ាប៊ីសាអូឌីត ថ្នាក់ឧត្តមសិក្សាចំនួន៦៩នាក់ ដែលមកពីបណ្តាខេត្ត ក្រុង ផ្សេងៗគ្នា។
លោក ណុះ ស្លេះ បានបញ្ជាក់ពីស្ថានភាពនយោបាយសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យគ្រប់សាសនា នៅកម្ពុជាគ្មានទំនាស់ និងរើសអើងនឹងគ្នា ដល់និស្សិត និងបានជំរុញឲ្យប្អូនៗនិស្សិតទាំងអស់ ខិតខំសិក្សារៀនសូត្រ សាមគ្គីភាព និងនាំយកចំណេះដឹង មកជួយអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិ នៅពេលបពា្ចប់ការសិក្សា។
លោក សឹម គ្រីយ៉ា ប្រធាននិស្សិត បានថ្លែងអំណរអរគុណ ចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលតែងតែជួយជ្រោមជ្រែង និងដោះស្រាយនូវបញ្ហាការសិក្សាផ្សេងៗ របស់និស្សិត មិនថាសិក្សានៅបណ្តាប្រទេសអារ៉ាប់ ម៉ាឡេស៉ី ឥណ្ឌូនេស៉ី ជាដើម ហើយលោកបានសន្យាខិតខំរៀនសូត្រ សាមគ្គីភាពគ្នារវាងនិសិ្សតជាតិ និងអន្តរជាតិ និងនាំយកនូវចំណេះដឹងមក ចូលរួមអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិ នៅពេលបពា្ចប់ការសិក្សា៕