(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ និងថ្នាំញៀន ១កញ្ចប់ កាលពីវេលាម៉ោង ៤និង០០នាទីទាបភ្លឺ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតចំណុចផ្លូវរថភ្លើង កែងផ្លូវលេខ៧០ ក្រុមទី៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនសង្ស័យមានឈ្មោះ ផល សីហា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ដើររើសអេតចាយ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានប្រពន្ធឈ្មោះ ម៉ែ អាម៉ាប់ អាយុ៣០ឆ្នាំ មុខរបរ លក់បន្លែនៅផ្សារទំនប់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ បាននិងកំពុងជិះល្បាតជុំវិញភូមិសាស្ត្រខណ្ឌឫស្សីកែវ ពេលនោះ ក៏បានប្រទះឃើញយុវជនម្នាក់កំពុងដើរតាមផ្លូវ និងមានការសង្ស័យបានហៅអោយឈប់ រួចធ្វើការឆែកឆេរបានរកឃើញនៅថ្នាំញៀន ១កញ្ចប់ ជាប្រភេទម៉ាទឹកកក ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន និងយកមកប៉ុស្តិ៍ទួលសង្កែ ដើម្បីធ្វើការសាកសួរ។
ក្រោយមកជនសង្ស័យបានសារភាពថា ខ្លនបានប្រើប្រាស់ថ្នាំញៀនរយៈពេល ៥ខែមកហើយ ដោយរូបគេបានដើររើសអេតចាយ យកទៅលក់ បានលុយយកមកទិញថ្នាំញៀនជក់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕