(ភ្នំពេញ)៖ មន្ត្រីយោធាពាក់ស័ក្តិ៣ម្នាក់ នៅកងអន្តរាគមន៍៥១១ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចាប់ខ្លួនភ្លាមៗនិងដកហូត កាំភ្លើងខ្លី១ដើម បន្ទាប់ពីជននេះ ដកកាំភ្លើងគំរាមបាញ់លើ ជនរងគ្រោះម្នាក់ជាប្រធានសន្តិសុខ នៅសុរិយាម៉លរបស់ខ្លួនក្រោយឈ្លោះ ពាក្យសម្តីជាមួយគ្នា។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៖២០នាទីយប់ឈានចូល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចការិយាល័យ ផ្សារសុរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្រ្តីអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា នៅយប់កើតហេតុ ជនត្រូវសង្ស័យជាមន្ត្រីយោធាបានដើរចូល ទៅក្នុងការិយាល័យផ្សារ សូរិយាម៉ល ក្នុងស្ថានភាពស្រវឹងជោគជាំ ជាមួយនិងបក្ខពួក៣នាក់ទៀត ខណៈនោះជនរងគ្រោះដែលជាប្រធានសន្តិសុខផ្សារសូរិយាម៉ល យាមវេនយប់ បានសួរនាំទៅកាន់ជនត្រូវសង្ស័យថា ហេតុអ្វី បានជានាំអ្នកខាង ក្រៅចូលមកក្នុងការិយាល័យដោយគ្មានការអនុញ្ញាត ពីរូបគេទៅវិញ។
ដោយបានប្រទាក់ពាក្យសំដីគ្នាទៅវិញទៅមក បណ្ដាលឲ្យមន្ត្រីយោធាស្រវឹងទាំងកំរោល បានដកកាំ ភ្លើងខ្លីម៉ាកK៥៤ ពីចង្កេះអាម៉េ បញ្ចូលគ្រាប់ គំរាមបាញ់ទៅ លើជនរងគ្រោះតែម្ដង។
ដោយឡែកមន្ត្រីយោធារូបនោះ ពុំទាន់បានផ្ទុះអាវុធផង ក៏ត្រូវក្រុមសន្តិសុខដែលបានឃើញ ហេតុការណ៍នេះ រាយការណ៍ទៅកម្លាំង អាវុធហត្ថមូលដ្ឋានខណ្ឌ ដូនពេញមកជួយអន្តរាគមន៍ ឃាត់ខ្លួនមន្ត្រីយោធានេះភ្លាមៗតែម្ដង។
ជាមួយគ្នានោះ កម្លាំងអាវុធហត្ថខណ្ឌបានដកហូតកាំ ភ្លើងខ្លី១ដើមម៉ាកK៥៤ លេខ៣៤២៨ រួមជាមួយគ្រាប់ចំនួន៧គ្រាប់ផងដែរ។
ជនត្រូវជាប់សង្ស័យដែលបានប្រើអាវុធគំរាមនោះឈ្មោះ ស៊ុំ វ៉េង អាយុ៤៣ឆ្នាំ ជាមន្រ្តីយោធា និងជាប្រធានសន្តិសុខផ្សារសូរិយាម៉ល យាមវេនថ្ងៃ។
រីឯជនរងគ្រោះឈ្មោះ អ៉ិន ពៅ (ហៅអឹមវ័ន) ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរជាប្រធានសន្តិសុខផ្សារ សុរិយាម៉ល វេនយប់ស្នាក់នៅផ្ទះ លេខ៦២៨ ភូមិអរិយក្សត្យ ឃុំអរិយក្សត្យ ស្រុកល្វាឯម ខេត្តកណ្តាល ។
បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យប្រើប្រាស់អាវុធគំរាម រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ រៀបចំកសាងបញ្ជូនខ្លួនបន្ត ទៅកាន់ជុំនាញការយាល័យ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕