(សៀមរាប)៖ វត្តស្វាយរមៀត ក្នុងខេត្តសៀមរាប បានរៀបចំពិធីបុណ្យមាឃបូជា ដើម្បីរំឭកដល់ព្រឹត្តិការណ៍ធំៗ៣ក្នុងព្រះពុទ្ធសាសនា គឺព្រឹត្តិការណ៍ចតុរង្គសន្និបាត ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ និងថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទបាតិមោក្ខ។
ពិធីបុណ្យមាឃបូជានៅវត្តស្វាយរមៀតនោះមានការចូលរួមពីញាតិញោម ពុទ្ធបរិស័ទ សិស្សានុសិស្ស និងព្រះសង្ឃជាច្រើនអង្គចូលរួម នៅថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្ងៃមាឃបូជា គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ កាលពីទ្រង់នៅមានព្រះជន្មាយុ និងដើម្បីប្រារព្ធរំឭកដល់ព្រឹត្តិការណ៍ធំៗ៣៖ ទី១- រំឭកដល់ថ្ងៃចតុរង្គសន្និបាតនៃព្រះភិក្ខុសង្ឃទាំង១២៥០អង្គ នាថ្ងៃ១៥កើត ខែមាឃ។ ទី២- រំឭកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធដែលទ្រង់បានដាក់អាយុសង្ខារ និងទី៣- ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទបាតិមោក្ខ។
សូមបញ្ជាក់ថា ខ្លឹមសារសំខាន់ថ្ងៃមាឃបូជា មានដូចជា៖
* ជាថ្ងៃប្រកាសចេញនូវឱវាទបាតិមោក្ខ ខ្លឹមនៃធម៌ បេះដូងនៃសាសនា (១.មិនប្រព្រឹត្តអំពើបាបទាំងពួង ២.ធ្វើកុសលឲ្យដល់ព្រម, ៣.ធ្វើចិត្តឲ្យបរិសុទ្ធ)។
* ជាថ្ងៃប្រជុំចតុរង្គសន្និបាតសង្ឃ ប្រកបដោយអង្គ៤ (១.ជាថ្ងៃពេញបូរមីខែមាឃ ២. សង្ឃនិមន្តមកជួបជុំគ្នាមានចំនួន១២៥០អង្គដោយមិនបានព្រៀងទុក ៣.ភិក្ខុសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្ត ៤. ភិក្ខុសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ)។
* ជាថ្ងៃដាក់ព្រះជន្មសង្ខារថា ៣ខែខាងមុខទៀត ព្រះតថាគតនឹងបរិនិព្វាន។
* ជាថ្ងៃដែលព្រះសារីបុត្របានសម្រេចជាព្រះអរហន្តលើលោក ជាមហាសាវ័កទី១ ប្រសើរលើសភិក្ខុដទៃក្នុងចំណោមសាវ័កដែលមានបញ្ញាទាំងឡាយផងដែរ៕