(ឡុងដ៍)៖ បន្ទាប់ពីជំនួបជាមួយមេដឹកនាំសហភាពអឺរ៉ុបជាលើកចុងក្រោយ កាលពីយប់ថ្ងៃអង្គារនោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីដ ខេមើរ៉ូន (David Cameron) បានបង្ហើបឲ្យដឹងថា មេដឹកនាំប្រទេសជាមិត្តនានា ដូចជាអាល្លឺម៉ង់ បារាំង និងអ៊ីតាលី ជាដើម បានធ្វើការសំណូមពរឲ្យអង់គ្លេស បន្តការរក្សាទំនាក់ទំនងដ៏ល្អបំផុតជាមួយអឺរ៉ុប តាមដែលអាចធ្វើទៅរួច បើទោះបីជាត្រូវដកសមាជិកភាពចេញពីសហភាពនេះក៏ដោយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ BBC នាព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១៦។
បន្ទាប់ពីកិច្ចពិភាក្សា លោក ខេមើរ៉ូន បានថ្លែងថា បញ្ហាសន្តិសុខគឺជារឿងចំាបាច់បំផុត ដែលអង់គ្លេស និងអឺរ៉ុប នៅតែចាប់ដៃគូ រួមគ្នាការពារតំបន់នេះដដែល លើកលែងតែបញ្ហាអន្តោប្រវេសន៍ ដែលអាចជារឿងឈឺក្បាលជាងគេ នៅក្នុងការដោះស្រាយ ព្រោះវាក៏ជាមូលហេតុធំដែលនាំឲ្យកើតមានការបោះឆ្នោត ចាកចេញពី EU នោះដែរ។ បន្ថែមពី នេះទៀត គឺអង់គ្លេស នឹងក្លាយជាទីផ្សារឯករាជ្យ មិនពាក់ព័ន្ធនឹងអឺរ៉ុបនោះឡើយ ដូច្នេះការប្រកួតប្រជែងនៅលើទីផ្សារ អន្តរជាតិប្រាកដជាមានភាពក្តៅគគុកជាងមុន។
ទោះបីជាបែបនេះក្តី អាហារពេលល្ងាចលាគ្នារវាងមេដឹកនាំអង់គ្លេស និងអឺរ៉ុប បានប្រព្រឹត្តទៅប្រកបដោយភាពតានតឹង និងអាឡោះអាឡៃ។ ទោះជាអឺរ៉ុបនៅតែចង់បានទំនាក់ទំនងល្អជាមួយអង់គ្លេស ក៏សហភាពនេះនៅតែបង្ខំឲ្យអង់គ្លេស អនុវត្តន៍តាមមាត្រា ៥០ នៃសន្ធិសញ្ញាអឺរ៉ុប ដែលតម្រូវឲ្យមានការរៀបចំអីវ៉ាន់ចាកចេញជាបន្ទាន់ រួចសឹមធ្វើការពិភាក្សា រៀបចំទំនាក់ទំនងនានាឡើងវិញ ក្នុងនាមជាប្រទេសដៃគូ ជាមួយអឺរ៉ុប។
អធិការបតីអាល្លឺម៉ង់ អេនជេឡា ម៉ាគែល បានថ្លែងក្រោយពិធីទទួលទានអាហារនោះថា «យើងទាំងអស់គ្នា ពិតជា សោកស្តាយចំពោះលទ្ធផល ប៉ុន្តែការអនុវត្តតាមច្បាប់ក៏ត្រូវតែធ្វើឲ្យបានលឿនតាមមាត្រា ៥០ ដែរ។ យើងសុទ្ធតែ ជាអ្នកនយោបាយ ដូច្នេះយើងគ្មានពេលវេលាច្រើន ដើម្បីសម្តែងទុក្ខទោម្នេញចំពោះរឿងនេះឡើយ»។ ទោះជាបែប នេះក្តីលោក ខេមើរ៉ូន នៅតែរក្សាជំហរដដែល ក្នុងការផ្ទេររឿងនេះឲ្យរដ្ឋាភិបាលថ្មី ដែលទំនងជានឹងឡើងកាន់អំណាច នៅខែតុលា ខាងមុខនេះជាអ្នកទទួលបន្ទុកដោះស្រាយរឿងរៀបចំដំណើរការចាកចេញពីអឺរ៉ុប៕