(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថា មន្ត្រីអាជ្ញាធរនៅមូលដ្ឋានទាំងអស់ ត្រូវខិតខំប្រឹងប្រែងដោះស្រាយនៅចំបញ្ហាដែលនៅសេសសល់ ទាំងប៉ុន្មាន ជាពិសេសបញ្ហាដីធ្លី ធ្វើយ៉ាងណា ធ្វើការដោះស្រាយឲ្យបានលឿន ដើម្បីបំពេញតម្រូវការដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា តាមមូលដ្ឋានរបស់ខ្លួន។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តព្រៃវែង នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកអភិបាលខេត្ត ក៏បានបន្តទៀតថា អាជ្ញាធរនៅតាមមូលដ្ឋានត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យទៅលើយានយន្ត ដែលដឹកលើសទម្ងន់ដែលជាបញ្ហាបង្កឲ្យមានការខូចខាតផ្លូវ ដែលធ្វើឲ្យរំខានដល់ប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរឆ្លងកាត់ផ្លូវមានការលំបាកនឹងខាតពេលវេលា។
បន្ថែមលើសពីនេះលោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវមួយៗ ទម្រាំនឹងមានការអភិវឌ្ឍនិងកសាងទៅបាននេះ គឺប្រើពេលវេលាយូរ និងចំណាយថវិកាច្រើន ដូច្នេះលោកស្នើឲ្យអាជ្ញាធរ ប្រជាពលរដ្ឋ ចូលរួមក្នុងការថែទាំផ្លូវទាំងអស់នោះឲ្យបានយូរអង្វែង ជាប្រយោជន៍រួមទាំងអស់គ្នា និងងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់។
លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ទាំងអស់នៃខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារកាតព្វកិច្ចរបស់ខ្លួននៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក។
លោកក៏បានផ្ដាំផ្ញើដល់ រដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវខិតខំប្រឹងប្រែងបំពេញបន្ថែមនូវចំណុចខ្វះខាតដែលខ្លួនបានអនុវត្តកន្លងមកបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីបំពេញសេវាសាធារណៈទាំងអស់នេះជូនប្រជាពលរដ្ឋ ហើយកាន់តែប្រសើរឡើង និងព្យាយាមដោះស្រាយវិវាទបញ្ហានានាក្រៅប្រព័ន្ធតុលាការ ទៅតាមលទ្ធភាពរបស់ខ្លួននៅតាមមូលដ្ឋាន ឲ្យអស់លទ្ធភាពមុននឹងបន្តជំរុញមកដល់ខេត្តដោះស្រាយបន្ត។
នៅក្នុងកិច្ចប្រជុំនោះផងដែរ លោក ជា សុមេធី បានដឹកនាំកិច្ចប្រជុំបន្ត នៃការរៀបចំគណៈកម្មការ ដើម្បីរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងនៅក្នុងឆ្នាំ២០២៣ ខាងមុខនៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នៅក្នុងព្រឹត្តិការណ៍ នៃការរៀបចំសង្ក្រាន្តព្រៃវែងគឺមានការរៀបចំកន្លែងសប្បាយៗ សម្រាប់ទទួលស្វាគមន៍ប្រជាពលរដ្ឋលេងកម្សាន្ត មានលេងល្បែងប្រជាប្រិយ ចោលឈូង, លាក់កន្សែង, វ៉ៃក្អម, ខ្លែងឆាបកូនមាន់, ការប្រារព្ធពិធីសាសនាដែលមានការពូនភ្នំខ្សាច់ និងស្រង់ព្រះ, តំបន់ត្រជាក់ចិត្ត, ប្រគំតន្ត្រី, ប្រដាលគុណខ្មែរ និងដាក់តាំងពិពណ៌លក់នៅផលិតផលជាតិនិងអន្តរជាតិ និងទំនិញផ្សេងៗជាច្រើនទៀតផងដែរ៕