(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ពាក់ព័ន្ធករណីឃាតកម្មលើបុរសម្នាក់បណ្ដាលឲ្យស្លាប់ កាលពីខែធ្នូ ឆ្នាំ២០២២ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវរហូតឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួន។

ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១៖ឈ្មោះ ពេជ្យ ជីវ័ន្ត អាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ និងស្រ្តីជាប្រពន្ធឈ្មោះ ដា យ៉ា អាយុ៣០ឆ្នាំ។ សមត្ថិច្ចបានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែន ដោយសារតែការប្រច័ណ្ឌ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសមត្ថកិច្ចសង្ស័យជាករណីឃាតកម្ម ហើយបានបើកការស្រាវជ្រាវជាបន្ដបន្ទាប់ រហូតឈានដល់ការចាប់ខ្លួនបាននៅថ្ងៃនេះ៕