(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមរាប់បាត្រប្រគេនព្រះសង្ឃចំនួន៣៣៣ព្រះអង្គ ដែលមានព្រះបវរមុនី ងិន ឃីម ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះអនុគណខណ្ឌទួលគោក និងជាព្រះចៅអធិការវត្តនាគវ័នជាព្រះអធិបតី ក្នុងពិធីបុណ្យមាឃបូជា និងប្រារព្ធមាឃបូជា។
ពិធីរាប់បាត្រនេះ ធ្វើឡើងនៅក្នុងទីអារាមវត្តនាគវ័ន សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ លោក ជាង សុភ័ស្ស នាយករដ្ឋបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ និងអស់លោក-លោកស្រីចៅសង្កាត់ទាំង១០, ប្រធានផ្សារទាំង៤ រួមជាមួយអស់លោក-លោកស្រី សាធុ សប្បុរសពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។
លោក ជា ពិសី នៅក្នុងឱកាសនៃពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៣៣៣ព្រះអង្គនេះ បានចូលរួមនូវបច្ច័យចំនួន ៥០០.០០០រៀល ដើម្បីតម្កល់ទុកក្នុងការកសាងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តបន្ថែមទៀត។
បើតាមលោក ជា ពិសី ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងការថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។
សូមជម្រាបថា បុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ និងដើម្បីរំឭកដល់អភិលក្ខិតកាលទាំងបីយ៉ាងគឺ៖
*១៖ ទ្រង់ធ្វើចតុរង្គសន្និបាតភិក្ខុ ១២៥០អង្គ
*២៖ ទ្រង់សម្ដែងឱវាទបាតិមោក្ខ
*៣៖ ទ្រង់ដាក់ព្រះជន្មាយុសង្ខា៕