(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដាស់តឿនមន្ត្រីឲ្យត្រួតពិនិត្យលើការងារបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសនេសាទឲ្យបានច្បាស់លាស់។ លោក ងួន រតនៈ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំប្រចាំខែមករា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបានជំរុញការធ្វើអត្តសញ្ញាណបណ្ណជូនបងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងទប់ស្កាត់បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន និងសូមយកចិត្តទុកដាក់បន្ថែមទៀត ក្នុងកិច្ចការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

លោកថា «ចំពោះបទបញ្ជាបទល្មើសនេសាទផ្សេងៗនៅតាមគោលដៅ មន្ត្រីជំនាញទាំងអស់ត្រូវតែចុះ បង្ក្រាប និងមានវិធានការជាបន្ទាន់ ដើម្បីការទប់ស្កាត់ ហើយផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការបើកនេសាទឱ្យប្រជា នេសាទ ដោយប្រើឧបករណ៍ស្របច្បាប់ និងគោរពទៅតាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល។

លោកក៏បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គមឱ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ ឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់ការប្រើប្រាស់ ការជួញដូរគ្រឿងញៀន ព្រមទាំងការចូលរួមអនុវត្ត គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហា ប្រឈមនៅមូលដ្ឋាន និងជំរុញខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋដោយមិនមានការរើសអើង និងយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅ ប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាល។

អ្នកនាំពាក្យត្រូវម្ចាស់ការបំភ្លឺតាមស្ថាប័ន និងមានភាពទទួលខុសត្រូវ ហើយចំពោះអ្នកមកប្រជុំត្រូវដឹងពីព័ត៌មានរបស់ស្ថាប័នខ្លួន មិនមែនបំភ្លឺបកស្រាយភូតកុហកនោះទេ។ ត្រូវពង្រឹងកិច្ចការងារនាំពាក្យសម្រាប់ឆ្លើយតបដើម្បីបំភ្លឺ ជូនមហាជន ប៉ុន្តែមិនមែនដោះសារនោះ គឺត្រូវអនុវត្តន៍ឲ្យបានច្បាស់លាស់ ជាពិសេសត្រូវមានភាពម្ចាស់ការឲ្យបានច្បាល់លាស់ មន្ទីរសាមី ត្រូវបន្តកិច្ចសហការ និងរៀបឯកសារតាមនីតិវិធីច្បាប់ ត្រូវពន្យល់អំពីទីតាំងទីកន្លែងដែល ប្រកបរបរនេសាទចំពោះប្រជាជានេសាទឲ្យបានច្បាស់លាស់ ត្រូវអនុវត្តផែនការដែលនៅសេសសល់ដូចជា ការងារអត្តសញ្ញាណប័ណ្ណ ការបទល្មើស ស្បែងស៊ីសង បទល្មើសព្រៃឈើ បទល្មើសនេសាទនិងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គមឱ្យបានល្អប្រសើរក្នុងឳកាសបុណ្យទន្លេ បុណ្យចូលឆ្នាំខ្មែរ និងបុណ្យច្រត់ព្រះនង្គ័លពេលខាងមុខ៕