(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មានវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កំពុងលេងនយោបាយកខ្វក់ចំពោះទំនាក់ទំនងកម្ពុជា-ចិន តាមរយៈការបំភាន់សាធារណមតិ ជុំវិញគម្រោងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន សប្តាហ៍ក្រោយនេះ។
ការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់ សហរដ្ឋអាមេរិកមួយនេះ បានចេញផ្សាយនូវអត្ថបទមួយមានចំណងជើងថា «កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភអំពី "អន្ទាក់បំណុល"»។ អត្ថបទនេះ បានចោទប្រកាន់លើគម្រោងដំណើរទស្សនកិច្ចរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា «សម្លឹងមើលកម្ចីទឹកប្រាក់ជាង ៤ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ»។
ក្នុងសន្និសីទសារព័ត៌មានលើកដំបូង នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីចូលកាន់តំណែងជាអ្នកនាំពាក្យរយៈពេល ៣សប្តាហ៍នោះ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបំភ្លឺ៣ចំណុច ជុំវិញការផ្សព្វផ្សាយចោទប្រកាន់របស់ VOA ក្នុងនោះរួមមាន៖
ចំណុចទី១៖ ការផ្សព្វផ្សាយថា ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅសប្តាហ៍ក្រោយ ធ្វើឡើងដោយសម្លឹងមើលកម្ចី ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន។ «នេះគឺជាព័ត៌មានខុសពីការពិត ការពិតគឺថាគម្រោងនេះគឺមិនត្រូវគាំទ្រដោយប្រាក់កម្ចីទេ គម្រោងនេះនឹងបើកផ្លូវក្នុងការវិនិយោគ ក្នុងរូបភាព BOT (Build, Operate and Transfer-កសាង, ប្រតិបត្តិ និងផ្ទេរ)។
ចំណុចទី២៖ របាយការណ៍ VOA ខាងលើនេះ មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ ថែមទាំងបំភាន់សាធារណមតិក្នុងន័យនយោបាយ។ «គ្មានលក្ខណៈវិជ្ជាជីវៈយ៉ាងម៉េច ព្រោះអ្នករាយការណ៍ VOA ក៏មិនបានផ្ទៀងផ្ទាត់ប្រភពព័ត៌មានដែលគាត់ទទួលបាន ហើយនេះជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ជាច្រើន ដែលបង្ហាញពីគុណភាពទាបរបស់អ្នកសារព័ត៌មាន VOA»។ លោកចាត់ទុកថា អត្ថបទនោះគឺមានចេតនានយោបាយ ដែលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន រួមទាំងរដ្ឋមន្ត្រីជាច្រើនរបស់កម្ពុជា បានពន្យល់ច្បាស់ហើយអំពីគម្រោងនេះ ច្រើនលើកច្រើនសារ។
លោកបានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ពុំមានបំណងខ្ចីនូវទឹកប្រាក់ឱ្យច្រើនលើសលុប ទៅលើគម្រោងបែបនេះទេ គឺរាជរដ្ឋាភិបាលកម្ពុជាតែងតែមានភាពម៉ឺងម៉ាត់ នៅក្នុងការគ្រប់គ្រងបំណុលបរទេស ក៏ដូចជាជាផ្តល់នូវអាទិភាព ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបន្ទាន់ និងចាំបាច់ដូចជាផ្លូវថ្នល់»។
លោក អាន សុខខឿន បន្តថា «ទោះបីជាមានការពន្យល់ជាច្រើនលើកច្រើនសារក៏ដោយ ក៏អ្នកសារព័ត៌មាន VOA បានព្រងើយកន្តើយដោយចេតនា ចំពោះការបំភ្លឺទាំងអស់នោះ និងបន្តលេងនូវអ្វីដែលហៅថា នយោបាយកខ្វក់ (Dirty Politics) ចំពោះទំនាក់ទំនងកម្ពុជា-ចិន»។
ចំណុចទី៣៖ កម្ពុជាសូមស្វាគមន៍ចំពោះការវិនិយោគចំពោះគម្រោងនេះ ក្រោមរូបភាព BOT (កសាង ប្រតិបត្តិ និងធ្វើការផ្ទេរ)។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហាញក្តីរំពឹងថា សម្តេចនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ខាងមុខនេះ ជាមួយនឹងគម្រោងថ្មីៗបន្ថែម ដែលត្រូវចុះហត្ថលេខារវាងភាគីទាំងពីរ ក្នុងនោះរាប់តាំងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផងដែរ។ ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ- បាវិត គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ជាមួយនឹងគម្រោងប្រើប្រាស់ថវិកាសាងសង់ចំនួន ១ ៦៣៨លានដុល្លារ៕