(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារប្រវត្តិសាស្រ្តយោធា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្រៅពីអញ្ជើញគោរពវិញ្ញាណក្ខន្ធ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះលោកជំទាវ ប៊ុន សុថា ជាប្អូនស្រីសម្តេចផងដែរ។
សូមបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕