(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើលិខិតថ្លែងអំណរគុណលោកស្រី តែ ចន្ទមនោ ភរិយារបស់លោក កឹម សុខា ដែលបានផ្ញើសារ និងអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតរបស់សម្តេច។

លិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យដឹងយ៉ាងដូច្នេះថា «នាងខ្ញុំបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខរបស់លោកជំទាវ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ និងកម្រងផ្កា ព្រមទាំងបច្ច័យ។

នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ ដែលតំណាងឯកឧត្តម កឹម សុខា និងសហការី បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខ និងបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ប្អូនស្រីបង្កើតជាទីស្រឡាញ់ស្មើជីវិតរបស់នាងខ្ញុំ។

សូមលោកជំទាវ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីនាងខ្ញុំ»។​

សូមជម្រាបថា លោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា និងសហការី នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕