(ភ្នំពេញ)៖ លោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្រៅពីអញ្ជើញគោរពវិញ្ញាណក្ខន្ធ, លោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា ក៏បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះលោកជំទាវ ប៊ុន សុថា ជាប្អូនស្រីសម្តេចផងដែរ។

លោក មុត ចន្ថា បានថ្លែងប្រាប់អោយដឹងថា លោក កឹម សុខា មានការសោកស្តាយដែលមិនបានចូលរួមក្នុងពិធីបុណ្យសព ដោយសារលោកជាប់កម្មវិធីសមាធិក្នុងឱកាសបុណ្យមាឃបូជានៅចំការរបស់លោក។

សូមបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕