(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានតិះដៀលចំៗទៅកាន់លោក សម រង្ស៊ីថា ជាមនុស្សកែមិនឡើង រឿងអសីលធម៌ និងអគុណធម៌។

ការចេញមកដៀលចំៗទៅកាន់ទណ្ឌិត​រត់ចោលស្រុក សម រង្ស៊ី នេះធ្វើឡើងបន្ទាប់ពីមេក្រុមប្រឆាំងជ្រុលនិយម បង្ហោះសារជាបន្តបន្ទាប់ដោយការចោទ ការលាបពណ៌ ការមួលបង្កាច់ និងប្រមាថដល់វិញ្ញាណក្ខន្ធនៃសពលោកជំទាវ ប៊ុន សុថា ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទោះបីគាត់ទទួលមរណភាពទៅហើយក្តី។

លោក មុត ចន្ថា ដែលជាមនុស្សជំនិតលោក កឹម សុខា បានតិះដៀលលោក សម រង្ស៊ី យ៉ាងដូច្នេះថា «ពេលវេលាដ៏លំបាកបំផុតសម្រាប់ក្រុមគ្រួសារទាំងមូល គឺជាពេលវេលានៃការបាត់បង់គ្មានថ្ងៃវិលវិញ នូវលោកឪពុក ឬអ្នកម្តាយ ជាទីគោរព និងស្រឡាញ់បំផុត ឬបង ឬប្អូន ហើយនិង/ឬសាច់ញាតិ ជាទីស្រឡាញ់បំផុត។ ក្នុងឱកាសដ៏សោកសង្រេងនិងរន្ធត់នេះ សាច់ញាតិ និងក្រុមគ្រួសារទាំងមូលត្រូវការនូវសមានចិត្ត និងការចូលរួមមរណទុក្ខដោយស្មោះត្រង់ ដោយមិនដោយឱ្យមានគេសើរើ និងគាស់កាយរឿងរ៉ាវកន្លងមក ឬតិះដៀល ឬប្រមាថដល់សពឡើយ។ នេះជាសីលធម៌ និងគុណធម៌របស់មនុស្សម្នាក់ៗ ត្រូវតែគោរពបដិបត្តិ។

ជាងនេះទៀត ការចោទ ការលាបពណ៌ ការមួលបង្កាច់ និងប្រមាថដល់វិញ្ញាណក្ខន្ធនៃសព គឺជាអំពើអសីលធម៌ អគុណធម៌ និងគ្មានសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ ដែលសង្គមស៉ីវិល័យមួយមិនចង់ឃើញ និងឮឡើយ។

ក្នុងនាមខ្មែរដូចគ្នា ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសម្ដែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ដ៏ធំធេងនាពេលនេះ ក្នុងគ្រួសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាមរណភាពនៃប្អូនថ្លៃស្រី និងប្អូនស្រីបង្កើត ជាទីស្រឡាញ់បំផុត។

យើងខ្ញុំសូមចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំបំផុតជាមួយ សម្តេចទាំងទ្វេ និងក្រុមគ្រួសារទាំងមូល។ យើងខ្ញុំសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕