(ភ្នំពេញ)៖ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ និងសមាជិកថ្នាក់ដឹកនាំគណបក្សនេះទាំងអស់គ្នា បានផ្ញើសារជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយចូលរួមរំលែកទុក្ខ និងសម្ដែងការសោកស្ដាយបំផុត ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ដែលត្រូវជាប្អូនស្រីពៅរបស់សម្ដេច។

គណបក្សនេះបានចាត់ទុកថា មរណភាពរបស់ លោកជំទាវ ប៊ុន សុថា មិនមែនត្រឹមតែជាការសោកស្ដាយរបស់សមាជិកក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការសោកស្ដាយរបស់មហាគ្រួសារខ្មែរទាំងអស់គ្នាផងដែរ។

លោក អ៊ុន ជឹម បានគូសបញ្ជាក់បន្ថែមថា «ក្នុងនាមថ្នាក់ដឹកនាំ គណបក្សឯកភាពជាតិខ្មែរគ្រប់រូប សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារលោកជំទាវ ជាពិសេសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបាត់បង់ប្អូនស្រីដ៏ជាទីស្រឡាញ់បំផុត»

សូមបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា បានទទួលមរណភាព នៅវេលាម៉ោង ៦:១៣ នាទីល្ងាច ថ្ងៃសុក្រ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ នឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕