(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះបរិបទសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបានអូសបន្លាយពេល១ឆ្នំាមកនេះ ហើយដែលសហរដ្ខអាមេរិក និងNATO បានផ្ដល់គ្រឿងសព្វាវុធយ៉ាងច្រើនសម្បើមសព្វបែបយ៉ាងដល់អ៊ុយក្រែន ពិសេសថ្មីៗនេះ អាមេរិកបានផ្ដល់រថក្រោះទំនើបៗ ប្រភេទ M1 Abrams ចំនួន៣១ គ្រឿង និងអាឡឺម៉ង់ បានផ្ដល់រថក្រោះប្រភេទ Leopard 2ចំនួន១៤គ្រឿង នឹងអនុញ្ញាតឲ្យប្រទេសផ្សេងទៀតបញ្ជូនរថក្រោះ Leopards ទៅកាន់ទីក្រុង Kyiv ដែលចង់បានជាយូរមកហើយនេះ គឺអាមេរិកនិងNATO កំពុងតែធ្វើសង្រ្គាមជាមួយនឹងរុស្ស៊ីហៅថា «សង្រ្គាមកូនកាត់-Hybrid War» យ៉ាងពេញទំហឹង។
ពីព្រោះថាសង្រ្គាមកូនកាត់-Hybrid War ជាប្រភេទសង្រ្គាមដែលអាមេរិកនិងNATO មិនបញ្ជូនទ័ពចូលអ៊ុយក្រែនទេ ព្រោះពុំមែនជាសង្រ្គាមប្រពៃណី។
បើពោលឲ្យចំ គោលលទ្ធិយោធា-Doctrine សង្រ្គាមកូនកាត់-Hybrid War របស់សហរដ្ឋអាមេរិកគឺគាំទ្រការបះបោរនៅជុំវិញពិភពលោក។
លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងបរិការនេះបើពិនិត្យមើលសង្គ្រាមកូនកាត់-Hybrid War ដែលសហរដ្ឋអាមេរិក និងNATO កំពុងប្រយុទ្ធនឹងរុស្ស៊ីនេះ ពួកគេបានចាប់ផ្តើមតាំងពីមុនពេលផ្ទុះសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីមកម្ល៉េះ។ អ្វីដែលច្បាស់នោះគឺសហរដ្ឋអាមេរិក និងNATO បានធ្វើកិច្ចការនេះយ៉ាងល្អិតល្អន់ ក្នុងនោះសហរដ្ឋអាមេរិកបានបញ្ចេញការស៊ើបការណ៍មុនការឈ្លានពានរបស់រុស្ស៊ី ដោយការបំភ្លៃព័ត៌មានមិនពិតមកលើរុស្ស៊ី ដោយចោទលោក ពូទីនថាស្តាលីន, អ៊ុយក្រែនមិនចង់មានសម្ព័ន្ធភាពជាមួយទីក្រុងមូស្គូជាដើម។
ទន្ទឹងនឹងនេះរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ ប៉ៃដិនJoe Biden បានធ្វើកិច្ចការនេះយ៉ាងជិតស្និទ្ធជាមួយអឺរ៉ុបអស់រយៈពេលជាច្រើនខែ ដើម្បីធានាថា ពួកគេនឹងដាក់ចេញនូវកញ្ចប់ទណ្ឌកម្មដ៏តឹងរ៉ឹង និងការបង្រួបបង្រួមអឺរ៉ុបភ្លាមៗនៅពេលសង្រ្គាមចាប់ផ្តើម។ រីឯនៅលើប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានបង្កើតនូវការផ្សព្វផ្សាយដើម្បីឲ្យមានការគាំទ្រពីសាធារណ:មតិជុំវិញពិភពលោក។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ យល់ថាហេតុនេះបើពិនិត្យអំពីស្ថានភាពសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលកំពុងតែឆាបឆេះយ៉ាងសន្ធោរសន្ធៅនេះ បើនិយាយអំពីការអង្គុយចុះដើម្បីចរចាស្វែងរកសន្ដិភាពក្នុងពេលឆាប់ៗនេះ គឺប្រហែលជាមិនមែនជាជម្រើសសម្រាប់ភាគីណាមួយទ្បើយ។ ព្រោះក្នុងទស្សន:ភាគីជម្លោះទាំងពីរ ជឿថា ពួកគេអាចសម្រេចបាននូវគោលបំណងនយោបាយរបស់ពួកគេដោយយោធា។
ក្នុងនោះសម្រាប់ភាគីអ៊ុយក្រែន ជឿថានឹងទាមទារយកទឹកដីរបស់ខ្លួនមកវិញ និងបញ្ឈប់ប្រទេសរុស្ស៊ីពីការវិលត្រឡប់មកវិញ។ រីឯភាគីរុស្ស៊ី វិញជឿថាដើម្បីធានាបូរណភាពទឹកដីរបស់ខ្លួនប្រកបដោយ សន្ដិភាព មានតែបញ្ចូលទឹកដីដែលខ្លួនកាន់កាប់បានធ្វើជាតំបន់ទ្រនាប់របស់ខ្លួនតែប៉ុណ្ណោះ។
ដូច្នេះចំពោះស្ថានភាពសង្រ្គាមនេះ មិនខុសពីការប្រកួតកីទ្បាប្រដាល់គុនខ្មែរ រវាងអ៊ុយក្រែន និងរុស្សី ដែលភាគីទាំងពីរវាយកែងគ្នាទៅវិញទៅមក និងដំណាក់កាលសម្រាកឲ្យទឹក ដើម្បីប្រមូលផ្ដុំកម្លំាងនិងរកយុទ្ធវិធី ប្រយុទ្ទលើសង្វៀន មួយទឹកហើយមួយទៀតប៉ុណ្ណោះ៕