(ភ្នំពេញ)៖ ចោរអស់លក្ខណ៍ម្នាក់ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់វាយខ្នោះ បន្ទាប់ពីឆក់ខ្សែ-កពីក្មេងកំពុងលេងនៅមុខផ្ទះ ដោយមិនទាន់បានលក់ចេញជាលុយផង។

សកម្មភាពឆក់នេះកើតឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៩២ ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយជនសង្ស័យបានជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់ខ្សែ-កពីក្មេងកំពុងលេងនៅមុខផ្ទះបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

បន្ទាប់មក ឪពុកក្មេងរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌសែនសុខ ដើម្បីជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ។ ក្រោយពេលទទួលបណ្តឹងបាន៥ថ្ងៃ កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ សេង នី ហៅធូ អាយុ៤០ឆ្នាំ មានមុខរបរមិនពិតប្រាកដ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ខ្សែកពីក្មេងរងគ្រោះពិតប្រាកដមែន ក្នុងនោះអាវុធហត្ថបានចាប់យកវត្ថុតាងខ្សែ-ក១ខ្សែ ដែលជារបស់ក្មេងរងគ្រោះប្រគល់ឱ្យម្ចាស់ដើមវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕