(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តរៀបចំកិច្ចប្រជុំស្តីពី ការណែនាំក្នុងការរៀបចំឯកសារអាហារូបករណ៍ ការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យល្បីៗ នៅប្រទេសចិន ជូនបេក្ខជនអាហារូបករណ៍រដ្ឋាភិបាលចិន ដែលហៅកាត់ថា CSC ឆ្នាំសិក្សា២០២៣-២០២៤ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតបន្ថែមសរុប ៧០រូប។

លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិត និងកញ្ញា ហោ រស្មី ប្រធានសមាគមនិស្សិតអាណត្តិទី៦ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានធ្វើការសម្របសម្រួល និងណែនាំជូនបេក្ខជនយ៉ាងក្បោះក្បាយ អំពីនីតិរៀបចំឯកសារអាហារូបករណ៍ ដាក់តាមប្រព័ន្ធអនឡាញ CSC ជាពិសេសណែនាំ អំពីការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យៗ នៅប្រទេសចិន ជាពិសេសនៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងធានជីង និងនៅតាមបណ្តាខេត្តមួយចំនួនទៀត នៅប្រទេសចិន។

កញ្ញា ហោ រស្មី បានឱ្យដឹងថាបច្ចុប្បន្ននេះ និស្សិតកម្ពុជាសិក្សានៅប្រទេសចិន មានចំនួន១០១០នាក់ នៅក្នុង២៦ខេត្តក្រុង និង១០០សាកលវិទ្យាល័យ ក្នុងនោះ និស្សិត សិក្សាជំនាញវិស្វករ ២៧,១២% វេជ្ជសាស្ត្រ១៩,១១% សេដ្ឋកិច្ច និងពាណិជ្ជកម្ម២៨,១២% អប់រំ និងវប្បធម៌៨,៤៤% ច្បាប់និងនយោបាយ៦,៣៧% ភាសា៥,៧៨% និងជំនាញផ្សេងៗទៀត៥,០៦% ។ ក្នុងមួយឆ្នាំៗ និស្សិតបានបញ្ចប់ការសិក្សាពីប្រទេសចិន សរុបប្រមាណ២០០នាក់ ហើយនិងនិស្សិតថ្មីដែលទទួលបានអាហារូបករណ៍ សរុបប្រមាណ៣០០នាក់។

លោក អ៊ុំ វុទ្ធទី បានឱ្យដឹងថា សមាគមនិស្សិតបានរៀបចំគម្រោងធ្វើសិក្ខាសាលាតម្រង់ទិស លើកទឹកចិត្ត និងផ្សព្វផ្សាយអាហារូបករណ៍ សិក្សានៅប្រទេសចិន ក្នុងគោលបំណងជម្រុញកំណើននិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិន យ៉ាងហោច៥០០០នាក់ ក្នុងរយៈពេល៥ឆ្នាំទៅមុខ។

សិក្ខាសាលានេះនឹងធ្វើឡើង នៅតាមបណ្តាវិទ្យាល័យ វិទ្យាស្ថាន និងសាកលវិទ្យាល័យ នៅតាមខេត្ត ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ក្នុងគោលបំណង៖

១៖ តម្រង់ទិស និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ
២៖ ផ្សព្វផ្សាយអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន
៣៖ ផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍អំពីការសិក្សា និងការរស់នៅក្នុងប្រទេសចិន
៤៖ ផ្សព្វផ្សាយការរួមចំណែករបស់សមាគមនិស្សិត ក្នុងចំណងមិត្តភាពកម្ពុជាចិន
៥៖ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកធនធានមនុស្ស លើជំនាញផ្សេងៗ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ទាំងនៅពេលបច្ចុប្បន្ន និងនៅពេលអនាគត។