(ភ្នំពេញ)៖ លោកឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសបង្ហាញលេខទូរសព្ទរបស់មន្ត្រីនគរបាលទទួលបន្ទុកនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ព្រមទាំងកម្លាំងពន្លត់អគ្គិភ័យ ដើម្បីឱ្យប្រជាពលរដ្ឋរក្សាទុក និងហៅរកការអន្តរាគមន៍រាល់ពេលជួបបញ្ហា។

១. លេខប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
២. លេខទូរសព្ទរបស់លោក លោកស្រីស្នងការរង ទទួលដឹកនាំតាមអធិការនគរបាលខណ្ឌទាំង១៤
៣. លេខទូរសព្ទលោកអធិការនគរបាលខណ្ឌទាំង១៤
៤. លេខប្រចាំបញ្ជាតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥
៥. លេខប្រចាំបញ្ជា អន្តរាគមន៍ និងសង្គ្រោះផ្នែកអគ្គិភ័យ។

លោកឧត្តមសេនីយឯក ស ថេត បានអំពាវនាវដល់ប្រជាពលរដ្ឋថតទុកលេខទូរសព្ទរបស់សមត្ថកិច្ចនគរបាលនៅតាមខណ្ឌ សង្កាត់ដែលខ្លួនរស់នៅ ងាយស្រួលដើម្បីទាក់ទងពេលមានបញ្ហាផ្សេងៗ។

ទន្ទឹមនឹងការប្រកាសលេខទូរសព្ទនេះ លោកឧត្តមសេនីយឯក ស ថេត ក៏បានដាស់តឿនដល់មន្ត្រីនគរបាលគ្រប់ជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អជាមន្ត្រីបម្រើប្រជាពលរដ្ឋ ត្រូវតែទទួលទូរសព្ទពីប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋជួបបញ្ហា ឬត្រូវការសមត្ថកិច្ចជួយអន្តរាគមន៍ ទោះជាពេលថ្ងៃ ឬយប់ក៏ដោយ។

លោកឧត្តមសេនីយស្នងការសង្កត់ធ្ងន់ថា «ជាមន្ត្រីបម្រើប្រជាពលរដ្ឋ ត្រូវតែទទួលទូរសព្ទពីប្រជាពលរដ្ឋ នៅពេលគាត់ជួបបញ្ហា ឬត្រូវការសមត្ថកិច្ចជួយអន្តរាគមន៍ ទោះជាពេលថ្ងៃ ឬយប់»៕