(ភ្នំពេញ)៖ លោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ជាប្អូនស្រីសម្តេច។

តាមរយៈសារផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកស្រី តែ ចន្ទមនោ មានខ្លឹមសារយ៉ាងដូច្នេះថា៖

សូមគោរពជូន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

នាងខ្ញុំ តែ ចន្ទមនោ មានសេចក្តីរន្ធត់ និងសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងថា លោកជំទាវ ប៊ុន សុថា ដែលជាប្អូនស្រីបង្កើត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាពដោយរោគាពាធ នារសៀលថ្ងៃសុក្រទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងឱកាសដ៏ក្រៀមក្រមបំផុតនេះ នាងខ្ញុំ និងស្វាមី សូមចូលរួមរំលែកទុក្ខសោកសង្រេង ជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ ទាំងអស់។

នាងខ្ញុំសូមឧទ្ទិសបួងសួង សូមឲ្យវិញ្ញាណក្ខន្ធ័ លោកជំទាវ ប៊ុន សុថា បានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។

សូមសម្តេចទាំងពីរ ទទួលនូវការគោរពពីនាងខ្ញុំនិងស្វាមី។

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣
តែ ចន្ទមនោ (ភរិយាឯកឧត្តម កឹម សុខា)

---------------

ចំពោះសារចូលរួមរំលែកទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឆ្លើយតបវិញយ៉ាងដូច្នេះថា៖

ក្នុងនាមខ្ញុំ និងស្វាមីព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណ ចំពោះលោកជំទាវ និងស្វាមី ដែលបានផ្ញើរសារបន្ទាន់មកចូល រួមមរណទុក្ខចំពោះប្អូនស្រីខ្ញុំ ដែលបានលាចាកលោកនេះទៅ។

ខ្ញុំបានដឹងច្បាស់ថា លោកជំទាវ និងប្អូនស្រីខ្ញុំ បានរួមការងារជាមួយគ្នាក្នុងឆ្នាំ១៩៧៩ និង១៩៨០ ដែលមានអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងច្រើន។

សូមលោកជំទាវ និងស្វាមីទទួលនូវការរាប់អានពីខ្ញុំនិងស្វាមី។

ថ្ងៃ៤ កុម្ភៈ ២០២៣
ប៊ុន រ៉ានី ហ៊ុនសែន