(កំពង់ចាម)៖ លោក មួន វាសនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME) នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំបទបង្ហាញតម្រង់ទិសដល់និស្សិតកម្រិតមូលដ្ឋាន នៅសាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម ដើម្បីជាប្រយោជន៍ឲ្យនិស្សិតមានមូលដ្ឋានក្នុងការចាប់យកមុខជំនាញដើម្បីសម្រេចគោលដៅរបស់ខ្លួន។

លោក មួន វាសនា បានឱ្យដឹងថា សិក្ខាសាលាតម្រង់ទិស គឺជាកម្មវិធីរបស់ក្រសួងអប់រំយុវជននិងកីឡា ហើយការរៀបចំធ្វើឡើងនាពេលនេះ គឺសាកលវិទ្យាល័យ UME មានគោលបំណង ណែនាំតម្រង់ទិសដល់និស្សិតឆ្នាំទី១ ដែលហៅថានិស្សិតថ្នាក់មូលដ្ឋាន ដើម្បីឲ្យពួកគាត់ដឹង ថាតើសាកលវិទ្យាល័យមានការបណ្ដុះបណ្ដាលនូវមុខវិជ្ជាអ្វីខ្លះ និងណែនាំឲ្យនិស្សិតជ្រើសរើសការសិក្សាតាមរបៀបណា ដើម្បីឈានដល់ការសម្រេចគោលដៅរបស់ខ្លួន។

លោក មួន វាសនា បានបន្តទៀតថា ការសិក្សានៅសាកលវិទ្យាល័យ គឺមានការខុសគ្នាពីមហាវិទ្យាល័យ ត្រង់ថានៅសាកលវិទ្យាល័យមានការបែងចែកតាមមុខវិជ្ជា និងមានរយៈពេលដែលនិស្សិតត្រូវទទួលសញ្ញាបត្រ។ ម្យ៉ាងទៀតខាងសាកលវិទ្យាល័យចង់ឱ្យនិស្សិតចេះរៀបចំធ្វើផែនការនៃការសិក្សារបស់ខ្លួន និងរៀនកំណត់គោលដៅអំពីមុខវិជ្ជាដែលបានជ្រើសរើសតាមចំណង់សំណូលចិត្ត ដើម្បីយកចំណេះជំនាញនោះទៅអនុវត្តក្នុងការងារជាក់ស្ដែង។

ទន្ទឹមនិងនោះដែរ សាកលវិទ្យាល័យបានណែនាំបន្ថែមឲ្យពួកគាត់មានការតស៊ូសិក្សា ធ្វើយ៉ាងណាឲ្យបានចប់រយៈពេល៤ឆ្នាំទទួលបានបរិញ្ញាបត្រ ដើម្បីមានឱកាសដាក់ពាក្យចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ ឬតាមបណ្ដាក្រុមហ៊ុនឯកជនផ្សេងៗ៕