(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានក្រុមការងារគណប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំការផ្សព្វផ្សាយខ្លឹមសារសន្និបាតវិសាមញ្ញតំ​ណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងខ្លឹមសាររបាយការណ៍ពាក់ព័ន្ធផ្សេងទៀត រួមជាមួយកិច្ចប្រជុំជីវភាពប្រចាំខែ​ ជូនដល់ក្រុមការងារ​គណបក្សស្រុកបារាយណ៍និងស្រុកតាំងគោក។

ជាកិច្ចចាប់ផ្តេីមលោក ទិត ចន្ថា អនុប្រធានក្រុមការងារចុះជួយស្រុកតាំងគោក បានឡើងអានរបាយការណ៍ស្ដីពី លទ្ធផលនៃការអនុវត្តនយោបាយរបស់គណបក្សតាំងពីឆ្នាំ២០១៨ និងទិសដៅអនុ​វត្តឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣។ ជាមួយគ្នានោះលោក ជា បូរ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ ក៏បានឡើងអានជំនួយស្មារតីស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

នាឱកាសនោះលោក ថោង ខុន ក៏បានឡើងផ្សព្វផ្សាយពីខ្លឹមសារសន្និបាតវិសាមញ្ញតំ​ណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងខ្លឹមសាររបាយការណ៍ពាក់ព័ន្ធផ្សេងទៀតជូនដល់អង្គពិធីផងដែរ។ ជាងនេះទៅទៀតលោក ថោង ខុន ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ដែលលៈបង់សាច់ស្រស់ ឈាមស្រស់ ជួយសង្ក្រោះប្រជាពលរដ្ឋចេញពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ នឹងបានដឹកនាំកម្ពុជាឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ ដោយឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះលោក ថោង ខុន ក៏បានគូសបញ្ជាក់បន្ថែមថា ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលបានដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាបានធ្វើដំណើរ មកដល់ចំណុចមួយដែលជាប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋមានកម្រិតជីវភាពធូរធារ និងមានចំណេះដឹងកាន់តែល្អប្រសើរផងដែរ។

បន្ថែមពីនេះលោក ថោង ខុន ក៏បានណែនាំដល់ប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ត្រូវខិតខំគ្រប់គ្រងសមាជិកបក្សឱ្យបានទាំងអស់នៅក្នុងដៃ និងបន្តពង្រឹងសមាជិកបក្សឱ្យបានច្រើនបន្ថែមទៀត និងបន្តចុះផ្សព្វផ្សាយពីការបោះឆ្នោតឱ្យបានញឹកញាប់ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាមួយនឹងការប្រមូលនូវរាល់បញ្ហាដែលជាសំនូមពររបស់ពលរដ្ឋ និងខិតខំដោះស្រាយជូនឱ្យបានឆាប់រហ័ស និងល្អប្រសើរបំផុត ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន។

លោក ថោង ខុន ក៏លើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនដល់ប្រជាពលរដ្ឋ និងបានគូសបញ្ជាក់ថា មកដល់ពេលនេះក៏នៅទូទាំងប្រទេសមាន ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពប្រើប្រាស់នៅមានប្រមាណជាង ១លាននាក់ទៀតដែលមិនបានធ្វើ ដោយហេតុថាភាគច្រើនជាអ្នកដែលចេញទៅធ្វើការនៅក្រៅប្រទេស។ ស្របជាមួយគ្នានេះលោកក៏បានបន្តណែនាំដល់ប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ខិតខំចុះស្រាវជ្រាវក្នុងមូលដ្ឋានរបស់ខ្លួន កុំឱ្យមានប្រជាពលរដ្ឋណាដែលនៅមិនទាន់បានធ្វើអត្តសញ្ញាប័ណ្ណថ្មី ខណៈដែលអត្តសញ្ញាណប័ណ្ណចាស់ផុតកំណត់ និងត្រូវចុះឱ្យដល់មូលដ្ឋានដើម្បីធ្វើជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរលោកប្រធាន ថោង ខុន ក៏បានណែនាំឱ្យប្រធានបក្សស្រុកទាំង២ បន្តគិតគូរឱ្យបានចប់សព្វគ្រប់ ក្នុងការត្រៀមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងឈានចូលមកដល់ក្នុងពេលក៏ឆាប់ខាងមុខនេះផងដែរ៕