(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្រេចដកពាក្យបណ្តឹងពីសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងរដ្ឋប្បវេណីជាមួយលោក គង់ គាំ ក្រោយដោះស្រាយបញ្ចប់វិវាទ ទទួលបានដី និងផ្ទះ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មកវិញរួចរាល់។ នេះបើតាមលិខិតរបស់ក្រសួងការបរទេស ដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លិខិតរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាដើមចោទ សូមជម្រាបជូន ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ជ្រាបថា៖ ភាគីសហចុងចម្លើយ បានសុំសម្របសម្រួល បញ្ចប់វិវាទ និងបានប្រគល់អចលនវត្ថុ ដោយធ្វើនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិប្រគល់ ជូនដើមចោទវិញ រួចរាល់។ ដើមចោទបានយល់ព្រមបញ្ចប់វិវាទតាមការស្នើសុំ និងបានទទួលយក វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ លេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ (ច្បាប់ដើម) ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ពីសហចុងចម្លើយ រួចហើយ។ ដូចនេះដើមចោទសុំដកពាក្យបណ្ដឹង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ»

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចេញសាលក្រមកំណត់ឱ្យលោក គង់ គាំ ប្រគល់ដី និងអគារមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឡប់មកក្រសួងការបរទេសវិញ ជាមួយនឹងការទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល។

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ និងភរិយារបស់លោក បានសម្រេចប្រគល់ដីកម្មសិទ្ធិ របស់ក្រសួងការបរទេស ដែលខ្លួនកំពុងស្នាក់នៅ ស្ថិតនៅតាមវិថីព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជូនទៅរដ្ឋវិញ។ ដីដែលលោក គង់ គាំ ប្រគល់ឱ្យរដ្ឋវិញនៅពេលនេះ គឺជាដីកម្មសិទ្ធិក្រសួងការបរទេស ត្រូវបានលោកចូលរស់នៅកាលពីឆ្នាំ១៩៨២ ពេលនៅជាសមាជិកបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋមន្ត្រីការបរទេស។

ក្នុងលិខិតប្រកាសប្រគល់ដីជូនរដ្ឋវិញ លោក គង់ គាំ បានទទួលស្គាល់ថា ខ្លួនមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់ផ្ទះ និងដី។

បន្ទាប់ពីការទទួលបានដីរដ្ឋមកវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបិទបញ្ចប់សំណុំរឿងដីធ្លីនេះ ជាមួយលោក គង់ គាំ ដែលជាអតីតកូនចៅរបស់សម្តេច ហើយប្រកាសមិនប្តឹងផ្តល់លោក គង់ គាំ ទៀតនោះឡើយ។

លោក គង់ គាំ បានផ្ញើលិខិតថ្លែងអំណរគុណជូន ចំពោះសម្តេចតេជោ ហ៊ុន សែន ចំពោះការមិនបន្តបណ្តឹងរូបលោក ទៅកាន់ស្ថាប័នតុលាការ ពាក់ព័ន្ធនឹងករណីដី និងផ្ទះនេះ៕