(ភ្នំពេញ)៖ លោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំគណបក្សនេះ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងពេលចូលរួមគោរពវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ក៏បាននាំយកជាមួយនូវសារលិខិតចូលរួមរំលែកទុក្ខរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងកម្រងផ្កា និងបច្ច័យមួយចំនួនផងដែរ។

សូមបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕