(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទបានចូលរួមក្នុងពិធីបុណ្យមាឃបូជាដែលបានប្រារព្ធធ្វើឡើងនៅវត្តឥសាន្តរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពុទ្ធបរិស័ទទាំងអស់បានរាប់បាត្រព្រះសង្ឃចំនួន៥០អង្គ និងប្រគេននូវគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ៤បេ ទឹកត្រី៥យួរ ទឹកស៉ីអ៉ីវ៥យួរ មី២កេសធំ ប្រេងឆា៥លីត្រ កូកាកូឡា២កេស ទឹកសុទ្ធ៤កេស និងបច្ច័យ៤,៩០០,០០០រៀល។

គួរជម្រាបថា បុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឱ្យបានយល់ពីពុទ្ធសាសនា។

គោលការណ៍ទាំងនេះ មានឈ្មោះជាភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗសម្រាប់ឲ្យភិក្ខុសូត្រក្នុងទីប្រជុំសង្ឃរាល់កន្លះខែ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗត្រូវយកមកសិក្សាឲ្យយល់ដឹង និងអនុវត្ត។

ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងផងដែរ។

ប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖
១៖ ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។
២៖ យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។
៣៖ បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
៤៖ បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។
៥៖ បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថិរចីរកាលយូរអង្វែង៕