(ព្រះសីហនុ)៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលជាគំនិតផ្ដួចផ្ដើមបង្កើតឡើង ដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ បានបន្ដចុះបេសកកម្មអប់រំផ្សព្វផ្សាយសុខភាព ដល់សស្ដ្រីមានផ្ទៃពោះ នៅក្នុងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ខេត្ដព្រះសីហនុ។

បេសកកម្មការងារនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍នៃក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានការចូលរួមពីខាងសាខាខេត្ដព្រះសីហនុផងដែរ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា ការចុះបេសកកម្មការងារនេះ ដោយសារថ្ងៃទី២១ ខែកុម្ភៈ ជាខួបទី១៤ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានគោរមងារ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ និងជាទិវាជាតិសុខភាពមាតា​ ទារក និងកុមារផង ដែលការប្រារព្ធនៅឆ្នាំនេះ ក្រសួងសុខាភិបាល បានដាក់ចេញក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពនៅឆ្នាំ២០៣០»

«អញ្ចឹងដើម្បីសមស្រប និងផ្អែកទៅលើការសិក្សាស្រាវជ្រាវអំពីស្ថានភាពសុខភាមាតា និងទារក និងកុមារ និងស្របទៅការណែនាំរ បស់សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យើងត្រូវចុះឱ្យបានដល់មូលដ្ឋាន និងតាមខេត្ដនីមួយៗ។ ហើយដោយយើងឃើញថានៅខេត្ដព្រះសីហនុនេះ មានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលតែងតែសកម្មនឹងការងារចុះទៅតាមសហគមន៍ សួរសុខទុក្ខស្ដ្រីមានផ្ទៃពោះ ស្ដ្រីទើបសម្រាលកូនរួច និងស្ដ្រីដែលមានជីវភាពក្រលំបាកនៅពេលសម្រាលកូន តែនៅមានភាពខ្វះចន្លោះនោះ គឺស្ដ្រីដែលជាកម្មការិនីរោងចក្រ ដែលមិនទាន់ទទួលបានការអប់រំផ្សព្វផ្សាយនោះទេ ដូច្នេះហើយឆ្លៀតឱកាសនេះ ទើបយើងចុះមកអប់រំផ្សព្វផ្សាយសុខភាពពួកគាត់ដល់រោងចក្រផ្ទាល់តែម្ដង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស»។ នេះបើតាមការបញ្ជាក់របស់លោកស្រី។

ចំណែកស្ដ្រីជាកម្មការិនីមានផ្ទៃពោះចំនួន ៥៥ នាក់ ដែលបានចូលរួម ក្នុងការផ្សព្វផ្សាយខាងលើ បានសម្ដែងការនូវពេញចិត្ដយ៉ាងខ្លាំង ពេលទទួលបានអប់រំផ្សព្វផ្សាយសុខភាពបែបនេះ ដែលជាផ្នែកជួយនៃការយល់ដឹងពីសុខភាពរបស់ខ្លួន​កំលុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល ប្រកបដោយសុខភាពល្អ ពិសេសសម្រាប់អ្នកដែលទើបមានកូនលើកដំបូង ដែលមិនមានបទពិសោធន៍។

ស្ដ្រីជាកម្មការិនីមានផ្ទៃពោះម្នាក់ក្នុងចំណោម៥៥នាក់នោះ លោកស្រីយឹម សោភី ដែលរស់នៅក្នុងសង្កាត់១ ក្រុងព្រះសីហនុ បានថ្លែងឱ្យបណ្ដាញព័ត៌មាន Fresh News ដឹងថា «ខ្ញុំយល់ឃើញថា កម្មវិធីនេះល្អណាស់ ព្រោះបានទទួលការណែនាំសុខភាពសម្រាប់អ្នកមានផ្ទៃពោះ ពីការហូបចុប និងការថែទាំសុខភាពរបស់យើង ពិសេសបានណែនាំឱ្យយើងពេលមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះ ពេលពេទ្យណាត់ត្រូវទៅ ហើយបានណែនាំ មុនមានផ្ទៃពោះត្រូវពិនិត្យរកមេរោគអេដស៍ផងដែរ»

លោកស្រី យឹម សោភី បានឱ្យដឹងថា នេះជាលើកទី១ ដែលទទួលបានការអប់រំផ្សព្វផ្សាយពីសុខភាពមាតា និងទារកនេះ មានអារម្មណ៍សប្បាយចិត្ដ ហើយលោកស្រីនឹងធ្វើតាមការអប់រំនេះ ដើម្បីសុខភាពល្អទាំងកូន និងខ្លួនឯងផ្ទាល់ ។ចំពោះស្ដ្រីជាកម្មការិនីផ្សេងទៀត ដែលបានចូលរួមការអប់រំផ្សព្វផ្សាយក៏បានថ្លែងការសប្បាយចិត្ដ និងថ្លែងអំណរគុណ ដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតកម្មវិធីនេះឡើង ហើយសង្ឃឹមថា នឹងទទួលបានការអប់រំណែនាំបន្ថែមទៀតលើបញ្ហាសុខភាព។

ជាមួយគ្នានោះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានឱ្យដឹងថា «ការងារសុខភាពនៅតែសហគមន៍នេះ ជាការងារអាទិភាពមួយរបស់កាកបាទក្រហមកម្ពុជាតាំងពីដើមរៀងមក។ លើសពីនោះចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ គឺថ្ងៃដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានគោរមងារពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ គឺយើងតែងតែធ្វើជារៀងរាល់ឆ្នាំ និងនៅតែបន្ដពង្រឹង និងពង្រីកសកម្មភាអប់រំផ្សព្វផ្សាយរបស់យើងថែមទៀត»

លោកស្រីបន្ដថា ការទទួលគោរមងាររបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតនេះ ដោយសារតែគេមើលឃើញនូវសកម្មភាពជាក់ស្ដែង របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកមានចំណេះដឹងផ្នែកឆ្មបដែលមានវិជ្ជាជីវៈច្បាស់លាស់ ហើយលោកក៏ជាមាតា និងជាជីដូនដែលមានចៅច្រើន ដូច្នេះគឺមានបទពិសោធន៍ជ្រៅជ្រះ ។មួយវិញទៀត គឺឃើញនូវរចនាសម្ព័ន្ធរបស់កាកបាទក្រហមកម្ពុជា បានគ្រប់ដណ្ដប់ទូទាំងប្រទេស មានថ្នាក់កណ្ដាល សាខា និងអនុសាខា និងអ្នកស្ម័គ្រចិត្ដនៅក្នុងសហគមន៍ផងនោះ។

លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែសកម្មភាពចុះជួបជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍ មើលឃើញនូវគុណសម្បត្ដិ និងលក្ខណៈសម្បត្ដិ ព្រមទាំងការយកចិត្ដទុកដាក់របស់សម្ដេចនេះហើយ ទើបក្នុងឱកាសដែលលោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១០ លោកបានស្នើឱ្យសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលយកនូវតួនាទីជា «ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបន្ដពង្រឹង និងពង្រីកភារៈកិច្ចលើកកម្ពស់ផ្នែកសុខភាពស្ដ្រី និងកុមារ»

សូមជម្រាបថា ក្នុងឱកាសចុះអប់រំផ្សព្វផ្សាយសុខភាពដល់ស្ដ្រីជាកម្មការិនីរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏នាំយកនូវកាដូអនុស្សាវរីយ៍ជូនដល់កម្មការិនីខាងលើ ដោយក្នុងម្នាក់ៗទទួលបាន សារុង២, កន្សែងពោះគោ១, សាប៊ូក្លិនដុសខ្លួន១ដប, ទឹកអនាម័យក្លិន១ដប, សាប៊ូដុសខ្លួន២ដុំ, និងថវិកា ៥ម៉ឺនរៀល។

លើសពីនោះ បន្ទាប់ពីបញ្ចប់ការផ្សព្វផ្សាយអប់រំសុខភាពដល់ស្ដ្រីជាកម្មការិនិមានផ្ទៃពោះខាងលើនេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានបន្ដដំណើរចុះសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាកដល់ស្ដ្រីដែលកំពុងមានផ្ទៃពោះ និងក្រោយសម្រាលកូនរួច ចំនួន៣គ្រួសារផងដែរ ដែលស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ៕