(កំពង់ចាម)៖ សមាជិកគណបក្សនយោបាយផ្សេងៗនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន៥៣៨នាក់ បានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធីទទួលសមាជិកថ្មីនេះធ្វើឡើងក្រោមធិបតីភាពលោក លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អ្នកឧកញ៉ា យូ សាម៉េត ប្រធានក្រុមការងារពិសេសសម្តេចតេជោ ហ៊ុន សែន និងលោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន លោក អ៊ុន ចាន់ដា គណអភិបាលខេត្តកំពង់ចាម និងសមាជិក សមាជិការគណបក្សប្រជាជនផងដែរ។

លោក លី សាម៉េត បានថ្លែងថា ការរៀបចំពិធីជួបសំណេះសំណាលជាមួយសមាជិកមកពីគណបក្សភ្លើងទៀន និងគណបក្សនយោបាយនានា ដែលបានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាគឺដោយសារពួកគាត់អស់ជំនឿលើការដឹកនាំរបស់មេបក្សរបស់ខ្លួន ដែលមិនគិតពីផលប្រយោជន៍ជាតិនិងប្រជាជននោះទេ។

លោក លី សាម៉េត លើកឡើងទៀតថា ទេវតាដែលសង្រ្គោះពលរដ្ឋពិតប្រាកដគឺសម្តេចតេជោ ហ៊ុន សែន នេះហើយដូច្នោះ សូមសមាជិកដែលចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺត្រូវស្មោះត្រង់ជាមួយបក្ស ដើម្បីឲ្យសម្តេចតេជោបន្តដឹកនាំអភិវឌ្ឍន៍ជាតិនិងប្រជាជនទៅមុខបន្តទៅទៀត។

លោក លី សាម៉េត បានផ្តាំផ្ញើឲ្យសមាជិកថ្មីដែលបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺត្រូវតែស្មោះត្រង់នឹងគណបក្សប្រជាជន បម្រើគោលនយោបាយរបស់គណបក្សយើង ហើយបក្សនឹងការពារយើង ព្រោះថាចាប់ពីពេលនេះតទៅយើងជាគ្រួសារតែមួយ រស់ក្រោមដំបូលនៃសន្តិភាព នឹងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕