(ព្រះសីហនុ)៖​ លោក​ សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ កម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយ ដែលប្រទេសជាតិ ស្គាល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានកម្រិតជីវភាព និងមានចំណេះដឹងកាន់តែប្រសើរ។

ការថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា» ជូនដល់លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ លោកបានគូសបញ្ជាក់បន្ថែមថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំមុនវិបត្តិកូវីដ១៩ ក្នុងរង្វង់ប្រមាណ៧.៥% បានធ្វើឲ្យកម្រិតជីវភាព ប្រជាពលរដ្ឋកាន់តែប្រសើរ និងជាចលករប្រែក្លាយកម្ពុជា ឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយខ្លួន ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោកបន្តថា តម្រូវការជាមូលដ្ឋានរួមមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹក អគ្គិសនី ដែលបានពង្រីកយ៉ាងឆាប់រហ័ស ផ្តល់ជូនប្រជាពលរដ្ឋស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស បានបង្កលក្ខណៈឲ្យការរស់នៅប្រចាំថ្ងៃ មានភាពល្អប្រសើរជាងមុន លើកកម្ពស់គុណភាពជីវិត។

លោកបានលើកឡើងនូវចំណុចត្រូវស្វែងយល់ ក្នុងដំណើរកម្ពុជារហូតមកដល់ពេលនេះ ទី១៖ ការបោះឆ្នោត៥ឆ្នាំម្ដង ដែលស្តែងចេញនូវភាពជោគជ័យ នៃការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស និងទី២៖ ធនធនមនុស្ស ដោយកម្ពុជាបានប្រែក្លាយពីប្រទេស ដែលសេដ្ឋកិច្ចពឹងផ្អែកលើធនធានធម្មជាតិ មកពឹងផ្អែកលើកាផ្តល់សេវាកម្ម ឧស្សាហកម្ម និងបានប្រែក្លាយពីការធ្វើកសិកម្មបែបបុរាណ មកកសិកម្មបែបទំនើប។

លោកបញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកក្នុងដំណើរកសាងឧត្ដមភាពកម្ពុជា យើងម្នាក់ៗគួរចេះស្វែងយល់ និងមានការគិតឲ្យបានវែងឆ្ងាយទៅលើ ទី១៖ ស្វែងយល់ឲ្យបានស៊ីជម្រៅពីស្ថានភាព និងនិន្នាការសកលលោក និងទី២៖ ដឹងពីស្ថានភាពកម្ពុជាខ្លួនឯង ថាតើកម្ពុជាយើងនៅចំណុចណា។

នាឱកាសនោះផងដែរ លោក​ គួច ចំរើន សមាជិកគណៈកម្មកាកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត បានឡើងអាន ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ជូនជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ផងដែរ៕