(ឥណ្ឌា)៖ លោក រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានថ្លែងកោតសរសើរពីការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ហើយចាត់ទុកលោកជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមពល ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។

លោក រចនា ស៊ីង បានគូសបញ្ជាក់បែបនេះ ក្នុងជំនួបជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា។

ក្នុងជំនួបនេះ លោក រចនា ស៊ីង បានសម្តែងនូវក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយនឹងលោក ហ៊ុន ម៉ាណែត ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនៅក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩។

ក្នុងជំនួប រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ក៏បានកត់សម្គាល់ផងដែរអំពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ព្រមជាមួយនឹងការកោតសរសើរអំពីជោគជ័យរបស់កម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនាឱកាសនេះ ពិតជាបានបង្ហាញអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសស្របពេលដែលកម្ពុជា-ឥណ្ឌា បានប្រារព្ធខួបលើកទី៧០ នៃចំណងការទូតផ្លូវការ ដោយមានការប្តេជ្ញាចិត្តរួមក្នុងការជំរុញឱ្យទំនាក់ទំនងទ្វេភាគីបានឈានឡើងដល់កម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យវប្បធម៌, ការអភិវឌ្ឍធនធានមនុស្ស, ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិស័យយោធា។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូនលោក រចនា ស៊ីង នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹងការចូលរួមអបអរសាទរចំពោះការប្រារព្ធទិវាសាធារណរដ្ឋ ខួបលើកទី៧៤ (74th Republic Day) របស់សាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នាពេលថ្មីៗនេះ។

លោកឧត្តមសេនីយ៍ ក៏បានជម្រាបជូនលោករដ្ឋមន្ត្រីការពារជាតិឥណ្ឌា អំពីលទ្ធផល និងទិសដៅសហប្រតិបត្តិការមួយចំនួនដែលគ្រោងនឹងលើកឡើងពិភាក្សាជាមួយនឹងមេបញ្ជាការកងទ័ពជើងគោកឥណ្ឌា ជាពិសេសគម្រោងនៃការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលជាជំហានថ្មីមួយទៀតក្នុងការភ្ជាប់ទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោក និងជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអង្គភាព និងអង្គភាពថ្នាក់យុទ្ធវិធី។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់កងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនង រហូតសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនក្នុងរយៈកាលកន្លងមកនេះ ព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស សំដៅធ្វើយ៉ាងណាលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងឈានឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ក្នុងឋានៈជាមន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បាននិងកំពុងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា។ ដំណើរទស្សនកិច្ចរបស់លោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំរបស់ឥណ្ឌា ហើយលោកក៏មានជំនួបជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំឥណ្ឌា រួមមានអនុប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា៕