(ភ្នំពេញ)៖ ប្រតិភូសម្ដែងរបស់កម្ពុជាបានបង្ហាញនូវការសម្ដែងក្នុងក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៣ យ៉ាងអស្ចារ្យ និងប្រណិតជាមួយទម្រង់សិល្បៈចម្រុះ ជូនដល់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀន ឡុង និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដែលមានវត្តមានផ្ទាល់ និងទស្សនិកជនតាមបណ្តាញសង្គម នៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងការសម្ដែងនារាត្រីនោះ កម្ពុជាបានចូលរួមសម្ដែងក្នុងផែនតែមួយជាមួយប្រទេសចំនួន២ ទៀតគឺប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ ហើយកម្ពុជាទទួលបានការគាំទ្រយ៉ាងក្លៀវក្លាតាមរយៈសម្លេងហូកញ្ជៀវអបអរសាទរ នូវការនាំយកសិល្បៈវប្បធម៌បុរាណខ្មែររួមបញ្ចូលជាមួយសិល្បៈសហសម័យមកសម្តែង។ ផ្ទាំងទស្សនីយភាពរបស់កម្ពុជាដែលបង្ហាញក្នុងឆ្នាំនេះមានចំណងជើងថា «ក្ដីសង្ឃឹមរបស់យើង»

ប្រតិភូកម្ពុជា ក៏បានសម្ដែងនៅក្នុងរាត្រីថ្ងៃទី០៤ ខែកុម្ភៈនេះម្ដងទៀត ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរីផងដែរ។

លោកស្រីបណ្ឌិត ដាំ ដារីនី អនុប្រធានស.ស.យ.ក. ធ្លាប់បានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ឈីងហ្គេ ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ក្ដីសង្ឃឹមរបស់យើង» ហើយប្រភេទសិល្បៈដែលកម្ពុជាត្រូវនាំយកទៅបង្ហាញនោះរួមបញ្ចូលទាំងរបាំងសហសម័យ, របាំងបុរាណ និងសៀករហ័សសកម្មផងដែរ។

សូមជម្រាបជូនថា តបតាមការអញ្ជើញរបស់សមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការសហការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងដឹកនាំគណៈប្រតិភូ សិល្បករ សិល្បការិនីកម្ពុជាសរុបចំនួន៣៥នាក់ ចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំង F1 Pit Building, សាធារណរដ្ឋសិង្ហបុរី៕