(ឥណ្ឌា)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឯកភាពជាមួយស៊ុប្រាម៉ានីយ៉ាម ជ័យស្យាងការ (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា លើទិសដៅភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាឱ្យបានច្រើនវិស័យបន្ថែមទៀតសម្រាប់ពេលខាងមុខ។

ការឯកភាពនេះធ្វើឡើងក្នុងជំនួបថ្នាក់ដឹកនាំទាំងពីរភាគី ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពោលគឺក្នុងឱកាសលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។

ក្នុងជំនួបនោះ ប្រមុខការបរទេសឥណ្ឌាបានជម្រាបជូនលោក ហ៊ុន ម៉ាណែត អំពីការទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះជាយូរមកហើយ ដែលជាទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជាមកកាន់សាធារណរដ្ឋឥណ្ឌា និងបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អរបស់ឥណ្ឌាទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព មិត្តភាព ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងគ្រប់កាលៈទេសៈដែលកម្ពុជាជួបប្រទះការលំបាក និងដោយបានបញ្ជាក់ផងដែរអំពីការឯកភាពលើទិសដៅនៃការភ្ជាប់ទំនាក់ទំនងឱ្យបានច្រើនវិស័យបន្ថែមទៀតសម្រាប់ពេលខាងមុខ។

លោកឧត្តមសេនីយ៍ឯកក៏បានថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌា ដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជាកាលពីឆ្នាំ២០២២កន្លងទៅ រួមទាំងវិធានការនានាដែលកម្ពុជាបានខិតខំអនុវត្តដើម្បីចូលរួមចំណែកដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕