(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយសមាជិក សមាជិកា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមយុវជនគណបក្សក្រុងស្ទឹងសែន និងស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណជាង ១,០០០នាក់។

លោក ពេញ កែម ប្រធានយុវជនគណបក្សក្រុងស្ទឹងសែន និងលោក សាយ គឹមឡម ប្រធានយុវជនគណបក្សស្រុកស្ទោង បានឡើងរាយការណ៍យុវជនបានចូលរួមក្នុងចលនាកសាងពង្រីកសមាជិកគណបក្សតាមបណ្ដាសង្កាត់ និងភូមិដូចជាការចលនាយុវជនគ្រប់អាយុបោះឆ្នោត ចូលជាសមាជិកគណបក្ស ជួយក្នុងការងារបញ្ជូនទិន្នន័យ និងគ្រប់គ្រងសមាជិកគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា។

លោក ងួន រតនៈ បានថ្លែងថា ការពង្រឹងក្រុមបក្សដើម្បីធ្វើផែនការឱ្យបានច្បាស់លាស់ ពីប្រជាពលរដ្ឋដែលបានចំណាកស្រុក អ្នកផ្លាស់ចេញ និងប្រែធាតុនៅក្នុងមូលដ្ឋាន។ ចូលរួមធ្វើការងារបច្ចុប្បន្នភាពជាក់ស្តែង ដើម្បីស្រង់ទិន្នន័យទៅតាមដំណាក់កាល នៅតាមក្រុមនីមួយៗពីការចូលមកជាសមាជិកគណបក្ស និងការកសាងសមាជិកគណបក្សថ្មី កសាងកម្លាំងបន្ថែម ចំពោះសមាជិកសមាជិកាថ្មី ត្រូវផ្ដល់ឱកាសឱ្យពួកគាត់ជួបថ្នាក់ដឹកនាំចុះជួយមូលដ្ឋាន ដើម្បីឱ្យស្គាល់ពីតួនាទី ភារកិច្ចរបស់ខ្លួន។

លោក ងួន រតនៈ ក៏បានសំណូមពរដល់សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមទាំងអស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ផលិតប័ណ្ណសម្គាល់សមាជិកគណបក្ស សៀវភៅគ្រួសារបក្ស និងសៀវភៅក្រុមបក្ស តាមបណ្ដាសាខាគណបក្សនៅមូលដ្ឋានឱ្យមានភាពច្បាស់លាស់ឡើងវិញ ចូលរួមក្នុងកិច្ចការពារសន្តិសុខនៅមូលដ្ឋានដូចជា៖ ចូលរួមជាប្រជាការពារ ជួយសម្រួលដល់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ មានសុវត្តិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក ងួន រតនៈ បានបន្ថែមថា គណបក្សប្រជាជនកម្ពុជានៅតែបន្តប្តេជ្ញាចំពោះមុខប្រជាជនថា គណបក្សប្រជាជន និងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំ សង្កាត់ លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕