(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត Philippe Douste Blazy អតីតរដ្ធមន្រ្តីសុខាភិបាល និងជាអតីតការបរទេសបារាំង នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានចូលជួបលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងបំណងសុំឲ្យ កម្ពុជា គាំទ្រលោក ធ្វើជាអគ្គនាយកអង្គការសុខភាពពិភពលោក។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា លោក Philippe Douste Blazy បានគូសបញ្ជាក់ថា លោកបានធ្វើដំណើរមកកាន់បណ្តាប្រទេសអាស៊ី-អាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ ឲ្យជួយបោះឆ្នោតគាំទ្ររូបលោក ធ្វើជាអគ្គនាយកអង្គការសុខភាពពិភពលោក។
ក្នុងជំនួបនេះ លោកវេជ្ជបណ្ឌិត Philippe Douste Blazy បានគូសបញ្ជាក់ពីបទពិសោធន៍ ដែលធ្លាប់បានធ្វើជារដ្ឋមន្រ្តីក្រសួងសុខាភិបាល បារាំង រហូតដល់ទៅពីរលើក ហើយក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រទេសបារាំង ទៅលើអង្គការសុខភាពពិភពលោកផងដែរ។
ឆ្លើយតបសំណើនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជា នឹងពិនិត្យពិចារណា ដោយយកចិត្តទុកដាក់ទៅលើការគាំទ្រលោក Philippe Douste Blazy ជាអគ្គនាយកអង្គការសុខភាពពិភពលោក។
ក្រៅពីការពិភាក្សាស្វែងរកការគាំទ្រពីកម្ពុជាហើយនោះ ក្នុងជំនួបនេះ ក៏បានពិភាក្សាពីការពង្រឹងនូវទំនាក់ទំនងកម្ពុជា-បារាំង ជាពិសេសលើវិស័យសុខាភិបាល នៃប្រទេសទាំងពីរផងដែរ៕