(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញាតិឲ្យលោក វ៉ាង អ៊ីនម៉ូ (Hwang Inmoo) អនុរដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ។ ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិទាំងពីរ ឲ្យកាន់រឹងមាំថែមទៀត។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ លោក Hwang Inmoo បានជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក នៅពេលដែលមកដល់រាជធានីភ្នំពេញនេះ លោកបានឃើញនូវស្ថានភាពរីកចំរើន របស់រាជធានីភ្នំពេញ ចលនាប្រជាជន សេដ្ឋកិច្ច និងសកម្មភាពនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោហ៊ុន សែន បានស្វាគមន៍នូវលទ្ធផល នៃជំនួបរវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចបានមោទនភាពណាស់ ជាមួយនឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ទោះជាចំណងទាក់ទងនេះ មានរយៈពេលខ្លីមែន ប៉ុន្តែបានបើកជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ យ៉ាងស៊ីជម្រៅ។
លើសពីនេះទៅទៀតសម្តេចតេជោ បានធ្វើការណែនាំ ផ្តល់អនុសាសន៍បន្ថែមទៅលើកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើវិស័យការពារជាតិ វិស័យប្រយុទ្ធប្រឆាំងភេរវកម្ម ក៏ដូចជាចារកម្មដែរនោះ គប្បីណាពិនិត្យមើល ស្វែងរកនូវកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងទៀត ដូចជាវិស័យវិនិយោគ ទេសចរណ៍ និងការនាំផលិតផលកម្ពុជា ចេញទៅកាន់ទីផ្សារសាធារណរដ្ឋកូរ៉េផងដែរ៕