(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅពេលដែលប្អូនស្រីពៅបានទទួលមរណភាព គឺជាពេលវេលាដែលបងស្រីទីមួយកំពុងសម្រាកព្យាបាលជំងឺ និងមិនទាន់ដឹងថាតើគាត់អាច ចូលរួមកម្មវិធីបុណ្យ ឬមួយយ៉ាងនោះទេ។

ស្ថានភាពនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានរម្លឹកដល់ការទទួលមរភាពបងប្រុសរបស់សម្តេច គឺឯកឧត្តម ហ៊ុន ណេង ដែលពេលនោះបងប្រុសទីមួយ គឺឯកឧត្តម ហ៊ុន សាន កំពុងតែឈឺធ្ងន់ រហូតក្រុមគ្រួសារមិនហ៊ាន ផ្តល់ដំណឹងនេះដល់គាត់ផង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមនៅថ្ងៃទី៤ ខែកុម្ភៈ ដែលជាកម្មវិធីបុណ្យសពលោកជំទាវ ប៊ុន សុថា ថ្ងៃទី២ យ៉ាងដូច្នេះថា «ឆ្នាំមុនបងប្រុសទីពីរ មរណភាពក្នុងពេល បងប្រុសទីមួយ កំពុងឈឺធ្ងន់មិនអាចផ្តល់ដំណឹងឲ្យគាត់ដឹងបាន។ ឆ្នាំនេះប្អូនស្រីពៅ ចែកឋានក្នុងពេលបងស្រីទីមួយ កំពុងព្យាបាលជម្ងឺមិនដឹងថា តើគាត់អាចចូលរួមបុណ្យសពប្អូនស្រីពៅបានឬអត់?»

លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕