(ភ្នំពេញ)៖ មុខសញ្ញាម្នាក់ត្រូវ បានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ និងប្រជាការពារដេញតាមពីក្រោយរហូត ក្របួចឃាត់ខ្លួនវាយខ្នោះភ្លាមៗ បន្ទាប់ពីជននេះបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងរបស់ជនរងគ្រោះ ដែលចតទុកនៅខាងមុខផ្ទះត្រឹមតែ៥នាទី។ ករណីខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៖៣៥នាទីរសៀលថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខបន្ទប់ជួលផ្លូវរថភ្លើង ក្រុម៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
លោក តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍ឫស្សីកែវ បានបញ្ជាក់ថា ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនត្រូវជាប់សង្ស័យ នៅមុនពេលកើតហេតុ ជនរងគ្រោះទើបតែមកពីលក់នំដោយទុកសោរនូវ និងម៉ូតូឈប់ចត នៅខាងមុខបន្ទប់ជួល រួចក៏ដើរចូលទៅក្នុង ផ្ទះត្រឹមតែ៥នាទីប៉ុណ្ណោះ ស្រាប់តែជនរងគ្រោះចេញមកវិញ ទើបមានការភ្ញាក់ផ្អើលឃើញបាត់ម៉ូតូ របស់ខ្លួនទៅហើយ។
លោក តូច គឹមសុង បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពី ជនរងគ្រោះភ្លាម កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ឫស្សីកែវ និងប្រជាការពារសង្កាត់ ដែលឈរជើង យាមល្បាតក្បែរទីតាំងកើតហេតុ ក្នុងភូមិសាស្ត្ររបស់ខ្លួនដោយកំណត់បានអត្តសញ្ញាណជនត្រូវសង្ស័យ និងមិនទាន់រត់ គេចទៅឆ្ងាយកម្លាំងសមត្ថកិច្ចយើង បានបើកប្រតិបត្តិការដេញតាមប្រម៉ាញ់ពីក្រោយ រហូតឃាត់ខ្លួនវាយខ្នោះជនត្រូវជាប់សង្ស័យបានភ្លាមៗតែម្ដង។ ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ១គ្រឿង ពីជនសង្ស័យដែលបានធ្វើសកម្មភាពលួចពីជនរងគ្រោះផងដែរ។
លោក តូច គឹមសុង បានបន្តថា ក្រោយឃាត់ខ្លួនសួរនាំជន ត្រូវជាប់សង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែនដោយលួចតែម្នាក់ឯងប៉ុណ្ណោះ និងមិនមានបក្ខពួកឡើយ។ ជនត្រូវឃាត់ខ្លួនឈ្មោះ ញ៉ែម សុខា (ហៅយ៉េ) អាយុ២៨ឆ្នាំ មានមុខរបរមិនពិតប្រាកដស្នាក់នៅ ផ្ទះជួល ក្រុម១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
រីឯជនរងគ្រោះឈ្មោះ ថុន ភា អាយុ៣៦ឆ្នាំ មានមុខរបរជាអ្នកលក់នំ ស្នាក់នៅចំណុចកើតហេតុខាងលើ និងជាម្ចាស់ម៉ូតូម៉ាកសង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-9882។ បច្ចុប្បន្នជនត្រូវជាប់សង្ស័យលួចម៉ូតូ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ធ្វើការបញ្ជូនទៅឃុំខ្លួនសាកសួរនៅអធិ ការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ។ ដោយឡែកម៉ូតូសង់ឌ្រីម១គ្រឿង ដែលកម្លាំងសមត្ថកិច្ច បានដកហូតពីជនសង្ស័យ ត្រូវបានប្រគល់ទៅឲ្យជនរងគ្រោះវិញភ្លាមៗផងដែរ បន្ទាប់ពីធ្វើការផ្ទៀងផ្ទាត់កាតគ្រីម៉ូតូបានត្រឹមត្រូវ៕