(ភ្នំពេញ)៖ ឯកឧត្តម តាន់ បញ្ញាវុធ ស្វាមីលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ថ្វាយលិខិតថ្លែងអំណរព្រះរាជគុណ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហមុនី ដែលបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវសារលិខិតចូលរួមរំលែកមរណទុក្ខជូនឯកឧត្តម និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង។

ក្នុងលិខិតទូលថ្វាយសម្ដេចម៉ែ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម តាន់ បញ្ញាវុធ បានរៀបរាប់យ៉ាងដូច្នេះថា៖

«ជាបឋមទូលព្រះបង្គំជាខ្ញុំ ព្រមទាំងកូន និងចៅៗ សូមលំឱនកាយវាចាចិត្តថ្វាយអំណរព្រះរាជគុណជាអនេកប្បការ ចំពោះហ្លូងម៉ែជាអម្ចាស់ ដែលទ្រង់សេ្តចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវសារលិខិតចូលរួមរំលែកមរណទុក្ខ ប្រកបដោយក្តីសង្វេគជាអតិបរមា ជាមួយទូលព្រះបង្គំជាខ្ញុំ ព្រមទាំងកូន និងចៅៗ ក្នុងខណៈលោកជំទាវ ប៊ុន សុថា ត្រូវជាភរិយាទូលព្រះបង្គំជាខ្ញុំ ទទួលមរណភាពនាថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨៖១៣នាទី ក្នុងជន្មាយុ
៦៧ឆ្នាំ ដោយរោគាពាធ។

តបចំពោះព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតរបស់សម្ដេចម៉ែ ជាទីគោរពសក្ការៈស្មើជីវិត ជាថ្មីម្ដងទៀតទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ សូមថ្វាយព្រះសព្ទសាធុការពរមហាប្រសើរសូម សម្ដេចម៉ែជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ស្តេចព្រះប្រកបដោយព្រះមង្គលពរ ទាំង៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្ដេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ»។

សូមបញ្ជាក់ថា សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕