(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានប្រទានព្រះរាជសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ដែលបានទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមព្រះរាជសារដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងព្រះរាជសារនោះ ព្រះមហាក្សត្រទ្រង់បានមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖

«ជូនឯកឧត្តម តាន់ បញ្ញាវុធ និងក្រុមគ្រួសារ

ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីលោកជំទាវ ប៊ុន សុថា ជាភរិយារបស់ឯកឧត្តម ដែលបានទទួលមរណភាពនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨៖១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ខ្ញុំសូមសម្តែងនូវសេចក្តីសោកស្ដាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។ មរណភាពនៃលោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់ភរិយា ម្ដាយ និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប ជាទីគោរពស្រឡាញ់នៃមហាជន និងបានចូលរួមយ៉ាងសកម្មបំផុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ។

ខ្ញុំសូមសម្ដែងនូវការគោរព ចំពោះវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា និងសូមវិញ្ញាណក្ខន្ធលោកជំទាវ អញ្ជើញទៅកាន់សុគតិភពកុំបីខាន។ សូម ឯកឧត្តម ទទួលនូវសេចក្តីរាប់អាន អំពីខ្ញុំ»។

សូមបញ្ជាក់ថា សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕