(ភ្នំពេញ)៖ Summary Lead និង Single-item Lead គឺជាប្រភេទ Lead ២ផ្សេងគ្នា ដែលគេតែងតែយកមកប្រើប្រាស់ នៅក្នុងអត្ថបទដំណឹងរបស់សារព័ត៌មាននានា។

វិធីសាស្រ្តនៃការប្រើប្រាស់តម្រុយ (Lead) ទាំង២នេះ ត្រូវបានបង្ហាញយ៉ាងលម្អិតដោយ លោក ម៉ារ យ៉ារិទ្ធ នៅក្នុងវគ្គសិក្សា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News ក្នុងសប្តាហ៍ទី៤ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

បើតាម លោក ម៉ារ យ៉ារិទ្ធ បានលើកឡើងថា Summary lead គឺជាតម្រុយសាមញ្ញធម្មតាបំផុត និងជារបៀបប្រពៃណីហើយរបស់អ្នកកាសែតទូទៅ។ តម្រុយនេះ គឺជាតម្រុយដែលបូកសរុបរបស់ 5W's ជួនកាលថែមទាំង How បន្ថែមទៀត។

ចំណែក Single-Item Lead គឺជាតម្រុយដែលប្រមូលផ្តុំលើតម្លៃមួយ ឬ២របស់ 5W's ដែលបំណងរបស់វាគឺក្ដោបសំខាន់ ឬវាយចំ ចំណុចសំខាន់នៃសាច់រឿង ដែលនាំឲ្យមានការទាក់ទាញចំណាប់អារម្មណ៍អ្នកអានកាន់តែខ្លាំង។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលថ្មី អំពីរបៀបសរសេរព័ត៌មាន នៅ FTC នឹងមានរយៈពេល៣ខែ ដែលសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News), បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story) ជាដើម។

អ្វីដែលពិសេសជាមួយវគ្គសិក្សានេះ គឺសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសលល្អ នឹងត្រូវអនុញ្ញាតឱ្យបន្តហាត់ការណ៍បន្ថែមជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ៕