(កណ្តាល)៖ មានប្រជាពលរដ្ឋ បានរាយការណ៍មកថា អាជីវកម្មប្រមូលផ្តុំ ចែកចាយ និងពិឃាតបក្សីមួយកន្លែង ស្ថិតនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មានម្ចាស់ឈ្មោះ ឡុង ចាន់ណារី នៅតែបន្តលួចបើកដំណើរការ បើទោះបីជាអាជីវកម្មមួយនេះ ធ្លាប់ត្រូវបានក្រុមការងារជំនាញរបស់ក្រសួងកសិកម្ម មន្ទីរកសិកម្មខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានចុះទៅបិទកាលពីចុងខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះក៏ដោយ។

លោក ប៊ុនទួន ស៉ីម៉ូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្តាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែកុម្ភ:នេះថា អាជីវកម្មប្រមូលផ្តុំ ចែកចាយ និងពិឃាតបក្សីខាងលើនេះ ធ្វើនៅទីតាំងក្បែរមាត់ទន្លេ ធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង។

ហេតុនេះហើយ បានជាកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោកបានឲ្យបិទអាជីវកម្មសិន និងរង់ចាំប្តូរទីតាំងថ្មីសមស្របទៅតាមបច្ចេកទេស និងមានលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់។ ចំពោះការលួចបើកឡើងវិញស្ងាត់ៗនេះ លោកពុំបានដឹងនោះទេ ហើយក៏ពុំទាន់បញ្ជូនមន្ត្រីឲ្យចុះមើលនៅឡើយដែរ ដោយសារជាប់រវល់ចុះចាក់វ៉ាក់សាំងដល់សត្វពាហន:នៅស្រុកស្អាង។

លោកបន្តថា ដោយសារម្ចាស់អាជីវកម្មមិនអនុវត្តតាម កាលពីចុងខែមករា ឆ្នាំ២០២៣ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម និងមន្ត្រីមន្ទីរកសិកម្ម ខេត្តកណ្តាល ក៏បានចុះទៅពិនិត្យ និងបិទទៀតផងដែរ។

បើតាមលោក យី យ៉េន អភិបាលស្រុកមុខកំពូល បានថ្លែងថា ទីតាំងខាងលើនេះ ខាងមន្ទីរកសិកម្ម បានបង្គាប់មកខាងស្រុកឲ្យចុះមើលស្ថានភាពជាក់ស្ដែង និងវាយតម្លៃ ដោយសិក្សាមើលពីផលប៉ះពាល់ ផ្សេងៗ ឬមានបញ្ហាប្រឈមផ្សេងៗជាដើម។ តែចំពោះចម្លើយច្បាស់លាស់យ៉ាងណានោះ លោកអភិបាលស្រុកពុំបានបញ្ជាក់ឡើយ។

ប៉ុន្តែបើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អាជីវកម្មខាងលើ នៅតែលួចបើកដំណើរការដដែល និងសូមឲ្យមន្រ្តីជំនាញ និងអាជ្ញាធរចុះពិនិត្យ ហើយចាត់វិធានការតាមច្បាប់ឲ្យតឹងរឹងផង៕