(ពោធិ័សាត់)៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមលេខាធិការដ្ឋាន គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣០០គ្រួសារ មកពីក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។

កម្មវិធីនេះប្រារព្ធធ្វើឡើង នៅក្នុងបរិវេណសាលាស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួម ជាគណៈអធិបតី រួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងពិធីសំណេះសំណាលនេះ លោកបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោក រ៉ូហ្វី អូស្មាន បានលើកឡើងពីសមិទ្ធផល និងគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសបានជំរុញឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា។

នៅរសៀលថ្ងៃដដែល លោក រ៉ូហ្វី អូស្មាន ក៏បានបន្តដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង ចំនួន៣០០គ្រួសារផងដែរ។

សូមជម្រាបថា អំណោយខាងលើ គឺទទួលបានការឧបត្ថម្ភពីអង្គការរ៉ាប៊ីតា (RABITA) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា៕