(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមហាជនគួរបញ្ឈប់ការរុញច្រានភាពចម្រូងចម្រាស់រវាង គុនខ្មែរ និង Muoy Thai ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង រវាងប្រទេសកម្ពុជា និងថៃ ដូចកាលពីឆ្នាំ២០០៣។

ការស្នើបែបនេះរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងបន្ទាប់ពីមហាជនខ្មែរ បាននាំគ្នាប្រតិកម្មពាសពេញនៅលើបណ្តាញសង្គម បន្ទាប់ពីមានការថ្លែងរបស់កីឡាករប្រដាល់ថៃ ឈ្មោះ ប៊ូខាវ បាន់ឆាម៉េខ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថៃ ជុំវិញការដាក់កីឡា «គុនខ្មែរ» ទៅក្នុងវិញ្ញាសារកីឡាស៉ីហ្គេម

ការលើកឡើរបស់កីឡាករ ប៊ូខាវ ​ត្រូវបានប្រជាពលរដ្ឋខ្មែរជាតិនិយម​​​​យល់ថាជាការដឺដង ដោយអ្នកមានធនធានខ្លះ ​​​​ប្រកូក​ប្រកាសស្វែងរកកីឡាករខ្មែរណា ទៅ​​​ប្រកួតជាមួយ ប៊ូខាវ ព្រមទាំងសន្យាថា​​នឹងផ្តល់រង្វាន់​យ៉ាងច្រើនសន្ធឹក​​ប្រសិនបើឈ្នះកីឡាករ ប៊ូខាវ។

ការស្នើបែបនេះរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធបិតីភាពបើកបាឋកថាស្តីពី «សេចក្តីសង្ខេបស្តីពី ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៖ សមិទ្ធផល និងបញ្ហាប្រឈម» នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត សុក ស៉ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត បានគូសបញ្ជាក់ថា៖ «ដោយសារប៉ុន្មានថ្ងៃនេះ ឃើញមានប្រតិកម្មច្រើនរឿងគុនខ្មែរ និងមួយថៃ (Muoy Thai) នេះមកពីយើងមិនស្គាល់ខ្លួនឯងច្បាស់មិនបាច់តវ៉ាជាមួយអ្នកណាទេ យើងមានចរិកនៅក្នុងប្រវត្តិសាស្ត្រ យើងច្បាស់ណាស់ នៅតាមប្រាសាទ កុំចាំបាច់តតាំងនាំមានបញ្ហាក្តៅគគុកទាំងសង្ខាង (កម្ពុជា-ថៃ) ដូចឆ្នាំ២០០៣ទៀត គួរណាមហាជនបិទបញ្ចប់ទៅ»

ជុំវិញករណីនេះ លោកបណ្ឌិត យង់ ពៅ បានអះអាងថា ភស្តុងតាងដែលបញ្ជាក់ថាគុនខ្មែរ ជារបស់ខ្មែរ គឺគ្មាននរណាអាចប្រកែក និងបំភ្លៃបាននោះទេ។ លោកបណ្ឌិត បានបន្ថែមថា វាជារឿងធម្មតានោះទេ ដែលប្រទេសនៅជាប់របង ជាមួយគ្នានៅពេលប្រទេសណាមួយខ្លាំងច្បាស់នាំហូរមកកាន់ប្រទេសដែលខ្សោយជាង គឺជារឿងធម្មតា។ ដូច្នេះ អរិយធម៌ប្រទេសនៅជាប់ព្រំដែនគ្នា តែងតែមានភាពស្រដៀងគ្នាទាំងភាសា មិនមែនត្រឹមតែងក្បាច់គុននោះទេ។

«កុំបាច់រុញបញ្ហាហ្នឹង (គុនខ្មែរ និងមួយថៃ) ទៅឱ្យក្តៅស្លឹកត្រចៀក ទាំងសង្ខាងនាំឱ្យខាតដល់ការអភិវឌ្ឍស្រុកទេសយើងទេ ព្រោះយើងត្រូវការគ្នាទៅវិញទៅមក ខាតនៅឆ្នាំ២០០៣ ច្រើនណាស់»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត យង់ ពៅ។

លោកបណ្ឌិតក៏បានរម្លឹកទៅដល់មហាជនខ្មែរ សូមកុំឱ្យដានចាស់កើតមានឡើងជ្រាំដែលដែលនាំឱ្យខាតប្រយោជន៍ជាតិ និងធ្វើឱ្យប្រទេសជាតិអាបឱនកិត្តិយសជាតិ៕