(រតនគិរី)៖ លោក ញ៉ែម សំអឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានអញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សភ្លើងទៀន ចំនួន៥៥នាក់ ស្រី៦នាក់ ដែលត្រៀមសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីសំណេះសំណាលត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលប្រជុំព្រឹទ្ធាចារ្យ ប៊ូ ថង ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។

លោក គីន គុណ អតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើទៀន បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ថ្ងៃនេះលោកបានដឹកនាំតំណាងគណបក្សភ្លើងទៀន ថ្នាក់ខេត្ត និងក្រុង ស្រុកទាំង៩ នៃខេត្តរតនគិរី ចំនួន៥៥នាក់ ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបានលើកឡើងថា ថ្ងៃនេះជាការជួបជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ធម្មតាពោលមិនទាន់ដាក់ពាក្យសុំចូលនោះទេ។ នៅពេលខាងមុខសមាជិកទាំងអស់ប្រមាណ៨៦២នាក់ នឹងដាក់ពាក្យលាលែងពីគណបក្សភ្លើងទៀន ហើយដាក់ពាក្យសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាផ្លូវការ។

លោក គីន គុណ បានបន្ដទៀតថា មូលហេតុដែលពួកគាត់សម្រេចចាកចេញពីគណបក្សភ្លើងទៀន គឺដោយសារពួកគាត់បានតាមដានអំពីការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យពួកគាត់មានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ពិតជាមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដោយសុខដុមរម្យនាធ្វើឲ្យជីវភាពកាន់តែរីកចម្រើន។

ថ្លែងក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនទាំងអស់ ដែលបានចាកចេញពីគណបក្សភ្លើងទៀន ដោយមិនមានការបង្ខិតបង្ខំហើយបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រទេសជាតិមានសុខសន្តិភាព។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំ ក្នុងការដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព រក្សាបានស្ថេរភាពនយោបាយ ដើម្បីជាតិ និងប្រជាជនកម្ពុជា។

លោក ញ៉ែម សំអឿន បានអះអាងថា គណបក្សប្រជាជនកម្ពុជា មានគោលដៅបម្រើប្រយោជន៍ប្រជាពលរដ្ឋ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារទឹកដី ធ្វើឲ្យកម្ពុជាស្មើមុខមាត់នៅលើឆាកអន្តរជាតិ និងបានដោះស្រាយបញ្ហាជាច្រើន ដើម្បីបុព្វហេតុជាតិ និងមាតុភូមិរបស់ខ្លួន៕