(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីដែលគ្រោងរៀបចំកសាងទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថ្មីដែលទីតាំងដីស្ថិតនៅអាងទឹកអូរកំពិស ក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឱ្យដឹងថា អង្គភាពអាវុធហត្ថខេត្ត បានទទួលដីពីរដ្ឋបាលខេត្តកំពង់ស្ពឺ ចំនួន ៤៤.០២៣ម៉ែត្រការ៉េ ដើម្បីសាងសង់ទីបញ្ជាការដ្ឋានកងអាវុធហត្ថថ្មី។ បច្ចុប្បន្នដីដែលទទួលបានពីរដ្ឋបាលខេត្ត ត្រូវបាននិងកំពុងបើកការដ្ឋានចាក់បំពេញ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងគ្រោងឈានទៅកសាងអាគាររដ្ឋបាលនាពេលខាងមុខផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញនិងណែនាំដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារបច្ចេកទេសនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានធ្វើការជីកស្រះចំនួន២ក្នុងនោះ គឺស្រះតូចទំហំ ២៣ម៉ែត្រគុណ ៧២ម៉ែត្រ ជម្រៅ៨ម៉ែត្រ រួចចរាល់ ១០០% បានផ្ទៃដី ៩៩៧២ម៉ែត្រគូប និងគ្រឿងចក្របានជីកស្រះធំទំហំ៥៧ម៉ែត្រ គុណ ៦៨ម៉ែត្រជម្រៅ១០ម៉ែត្រ។

ការជីកស្រះនេះដើម្បីយកអាចម៌ដីមកចាក់បំពេញទីធ្លាទីតាំងសង់អគាររដ្ឋបាល និងបានស្រះដើម្បីស្តុកទឹកផ្គត់ផ្គង់ការប្រើប្រាស់ក្នុងទីបញ្ជាការនិងមួយភាគធំសម្រាប់ពលរដ្ឋក្នុងភូមិប្រើប្រាស់ក្នុងវិស័យកសិកម្ម ហើយបច្ចុប្បន្ន ស្រះធំជីកបានប្រមាណ៣០%ហើយ។

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងកោតសរសើរចំពោះក្រុមការងារបច្ចេកទេសដែលបានខិតខំពន្លឿនការងារបានលឿន និងឆាប់រហ័សដើម្បីឈានទៅដំណាក់កាលនៃការសាងសង់អាគាររដ្ឋបាល នាពេលខាងមុខ។ ទន្ទឹមនិងការកោតសរសើរនេះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានក្រើនរំលឹកដល់ក្រុមការងារឱ្យអនុវត្តទៅតាមស្តង់ដារបច្ចេកទេសដើម្បីធានាដល់ការកសាងគុណភាពអាគាររដ្ឋបាលទីបញ្ជាការអាវុធហត្ថថ្មី៕