(ភ្នំពេញ)៖ គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាម នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ បានចុះធ្វើបទបង្ហាញដល់សិស្សានុសិស្សថ្នាក់ទី១១-១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ប្រមាណ៤០០នាក់ អំពីការប្រលងជ្រើសរើសនាយទាហាន ដោយមានការចូលរួមពីលោកនាយកវិទ្យាល័យព្រះស៊ីសុវត្ថិ និងប្រធានក្រុមការងារផ្សព្វផ្សាយ នៃសាលាទាហាន នៃកងយោធពលខេមរភូមិន្ទ។
លោក មូល សុខហេង នាយកវិទ្យាល័យព្រះស៊ីសុវត្ថិ បានឱ្យដឹងថា «នេះគឺជាលើកទីមួយហើយ ដែលវិទ្យាល័យបានទទួលនូវការធ្វើបទបង្ហាញនេះ និងជាការផ្សព្វផ្សាយដ៏មានសារសំខាន់ និងជាការចូលរួមចំណែកក្នុងកម្មវិធីតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្ស ក្នុងការជ្រើសរើសជំនាញដែលពួកគេពេញចិត្តសម្រាប់អនាគត»។ លោកនាយកវិទ្យាល័យ ក៏បានស្នើឱ្យសិស្សានុសិស្ស ខិតខំយកចិត្តទុកដាក់ ចំពោះការធ្វើបទបង្ហាញដ៏មានសារសំខាន់នេះ ដើម្បីទុកជាទុនក្នុងការជ្រើសរើសជំនាញ នៅពេលដែលបញ្ចប់ការសិក្សា នៅមធ្យមសិក្សានេះ។
លោក ឡុង គឹមធាន នាយការិយាល័យផែនការ នៃទីចាត់ការហ្វឹកហ្វឺនអគ្គមេបញ្ជាការ បានធ្វើបទបង្ហាញពីព័ត៌មានសំខាន់ៗស្តីពី ការប្រលងជ្រើសរើសនាយទាហាន រួមមាន គោលបំណង ព័ត៌មានអំពីសាលាបណ្តុះបណ្តាលនាយទាហាន, លក្ខណៈសម្បត្តិសិក្ខាកាម, អត្ថប្រយោជន៍ និងព័ត៌មាសំខាន់ៗ មួយចំនួនទៀត ពីការសិក្សានៅក្នុងវិស័យយោធា។ លោកបានថ្លែងថា «គោលបំណងនៃការផ្សព្វផ្សាយ គឺ បណ្តុះបណ្តាលធនធានមនុស្សលើវិស័យយោធា បណ្តុះឆន្ទៈយុវជនឱ្យមានការវិន័យ សច្ចធម៌ សីលធម៌ និង ភាពក្លាហាន បណ្តុះគោលគំនិតនៃភាពជាអ្នកដឹកនាំ និងបង្កើតស្មារតីស្នេហាជាតិមាតុភូមិ សម្រាប់យុវជនទាំងអស់គ្នា»។
ក្នុងឱកាសនេះដែរ និស្សិតនាយទាហាននៃវិទ្យាស្ថានទ័ពជើងគោក និងសាលានាយទាហានសកម្មត្មាតពង ដែលកំពុងសិក្សាវគ្គនាយទាហាន បានចែករំលែកបទពិសោធន៍ នៃការសិក្សា ការរស់ ក្នុងនាមជាសិក្ខាកាមនាយទាហាន ប្រាប់ដល់សិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងផ្តល់ដំបូន្មានល្អៗ ព្រមទាំងបានលើកទឹកចិត្តដល់សិស្សានុសិស្សវិទ្យាល័យទាំងអស់ ឱ្យខិតខំរៀនសូត្រ និងជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត ឱ្យបានត្រឹមត្រូវ។
បន្ទាប់ពីបានចូលរួមស្តាប់ការបទបង្ហាញ និងការទស្សនាស្តង់បង្ហាញពីការជ្រើសរើសនាហាន រួចមក ក្រុមសិស្សនុសិស្ស បានបង្ហាញចំណាប់អារម្មណ៍ ចំពោះការសិក្សាក្នុងវិស័យកងទ័ព ដើម្បីចូលរួមការពារជាតិ ហើយពួកគេនឹងពិចារណា ក្នុងការជ្រើសរើសជំនាញនេះ នៅពេលខាងមុខ។
សូមជម្រាបថា លក្ខខណ្ឌនៃការប្រលងជ្រើសរើសនាហាន គឺសិស្សានុសិស្ស ត្រូវមានសញ្ជាតិខ្មែរ អាយុចាប់ពី១៨ ដល់ ២៥ឆ្នាំ កាយសម្បទារឹងមាំ មិនពាក់ព័ន្ធការផ្តន្ទាទោសពីតុលាការ ត្រូវមានសញ្ញាបត្រទុតិយភូមិ ឬ ឯកសារប្រហាក់ប្រហែល និងកម្ពស់បុរស ១.៦០Cm ឡើងទៅ ហើយនារីមានកម្ពស់ ១.៥០Cm ឡើងទៅ៕